ដើម្បី​ត្រៀម​សម្រាប់​ការ​​ប្រកួត​ជាមួយ​ជើងឯក World Cup ឥណ្ឌូណេស៊ី​ផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បរទេស​ច្រើន​នាក់​

Rafael Struick (ឆ្វេង) និង Ivar Jenner

ឥណ្ឌូណេស៊ី​បន្ត​អនុវត្ត​គោលនយោបាយ​ដែលមាន​តាំងពី​ឆ្នាំ 2021 ដោយ​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បាល់ទាត់​វ័យក្មេង​ពីររូប​ដែល​កំពុង​ទាត់​នៅ​ប្រទេស​ហូ​ឡង់ ហើយ​ពួកគេ​នឹង​បង្ហាញខ្លួន​ក្នុង​ការប្រកួត​មិត្តភាព​​​ក្របខណ្ឌ FIFA Days នៅ​ខែមិថុនា 2023។

កីឡាករ​ពីររូប​ដែល​ទើបតែ​ទទួលបាន​សញ្ជាតិ​ឥណ្ឌូណេស៊ី រួមមាន Ivar Jenner អាយុ 19 ឆ្នាំ កំពុង​លេង​ជា​ខ្សែបម្រើ​របស់​ក្លឹប FC Utrecht និង Rafael Struick អាយុ 20 ឆ្នាំ កំពុង​លេង​ជា​ខ្សែប្រយុទ្ធ​ឱ្យ​ក្លឹប ADO Den Haag។ អ្នក​ទាំងពីរ​សុទ្ធ​តែមាន​ជីដូន​ជីតា​ជា​ជនជាតិ​ឥណ្ឌូណេស៊ី និង​បាន​ស្បថ​ចូល​ក្រុម​ជម្រើសជាតិ​ក្នុងនាម​ជា​ពលរដ្ឋ​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី 22 ឧសភា។

សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) បាន​ត្រៀម​ផ្ដល់​សញ្ជាតិ​ដល់ Jenner និង Struick កាលពី​ខែ​មុន​ដើម្បីឱ្យ​ពួកគេ​ចូលរួម​ក្នុង​ក្រុម U20 ទៅ​ទាត់​នៅ U20 World Cup លើ​ទីលាន​​ដែល​ឥណ្ឌូណេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ។ ប៉ុន្តែ ឥណ្ឌូណេស៊ី​ត្រូវបាន FIFA ដកហូត​សិទ្ធ​រៀបចំ​ការប្រកួត ធ្វើឱ្យ​ក្រុម U20 របស់​ពួកគេ​ខក​ខាន​​មិនបាន​ទាត់​នៅ​ពានរង្វាន់​នេះ និង​បាន​ពន្យារពេល​លើ​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​ពីររូប​ខាងលើ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី គ្រោង​នឹង​ប្រកួត​ជាមួយ​ប៉ា​ឡេ​ស្ទី​ន និង​អា​ហ្ស​ង់​ទីន នៅ​ថ្ងៃទី 14 និង 19 មិថុនា​ខាងមុខ ​នៅ​ហ្សា​ការ​តា។ គ្រូបង្វឹក Shin Tae-yong មិនទាន់​បង្ហាញ​បញ្ជី​​ឈ្មោះ​កីឡាករ​ចុងក្រោយ ប៉ុន្តែ​នឹង​ប្រមូល​កម្លាំង​ចាប់ពី​ថ្ងៃទី 05 មិថុនា។

ក្រៅពី Jenner និង Struick PSSI ក៏មាន​គម្រោង​ផ្ដល់​សញ្ជាតិ​ដល់ Justin Hubner អាយុ 19 ឆ្នាំ ​សញ្ជាតិ​ហូ​ឡង់ ជា​ខ្សែការពារ​របស់ Wolves លេង​នៅ​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស​ផងដែរ​។

ប្រធាន PSSI លោក Erick Thohir (ឆ្វេង), Rafael Struick (កណ្ដាល) និង Ivar Jenner នៅហ្សាការតា កាលពី​ថ្ងៃទី 24 ឧសភា 2023

PSSI បាន​ជំរុញ​គោលនយោបាយ​ផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​មាន​ឈាមជ័រ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី តាំងពី​ឆ្នាំ 2021។ កីឡាករ​ជាច្រើនរូប​​ដែល​ត្រូវ​បានផ្ដល់​សញ្ជាតិ​ទៅតាម​គោលនយោបាយ​នេះ មាន​ជាអាទិ៍ Jordi Amat (ធ្លាប់​លេង​នៅ​ពានរង្វាន់ La Liga), Elkan Baggott លេង​ឱ្យ Ipswich Town នៅ​ពានរង្វាន់ League One (អង់គ្លេស) ឬ​ Marc Klok និង Sandy Walsh ។ល​។ PSSI ក៏​ផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​ដែល​មិនមាន​ឈាមជ័រ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ផងដែរ ក្នុងនោះ​មានដូចជា ខ្សែប្រយុទ្ធ Ilija Spasojevic ជា​ដើម​។

ថ្មីៗនេះ បាល់ទាត់​ឥណ្ឌូណេស៊ី​ទទួលបាន​ជោគជ័យ​មួយចំនួន រួមមាន មេដាយមាស​ស៊ី​ហ្គេម​លើក​ទី 32 និង​ដណ្ដើមបាន​ជើងឯក U16 អាស៊ីអាគ្នេយ៍ 2022។ បាល់ទាត់​ឥណ្ឌូណេស៊ី​ក៏​កំពុង​ឆ្ពោះទៅរក​ជោគជ័យ​ធំ​ជាង​នេះ​នៅ​វគ្គ​ជម្រុះ World Cup 2026, Asian Cup 2023 និង AFF Cup ផងដែរ។

ការអញ្ជើញ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​មក​ប្រកួត​មិត្តភាព​នៅ​ថ្ងៃទី 19 មិថុនា គឺជា​សកម្មភាព​លើកកម្ពស់​មុខមាត់​រប​ស់​វិស័យ​បាល់ទាត់​ឥណ្ឌូណេស៊ី។ PSSI ក៏បាន​ឱ្យដឹងថា រៀងរាល់ឆ្នាំ ប្រទេស​នេះ​នឹង​អញ្ជើញ​ក្រុម​ជម្រើសជាតិល្បីៗមក​ប្រកួត​មិត្តភាព ក្នុងនោះ​មាន ព័រទុយហ្កាល់ ប្រ​ស៊ី​ល ឬ​ម៉ា​រ៉ុ​ក។ល។

Advertisement