ធ្វើ​ជា​ម្ចាស់​ថ្មី​របស់ MU អ្នក​វិនិយោគ​មក​ពី​កាតា​​សម្រេច​ចិត្ត​លុប​បំបាត់​ «គោលការណ៍​ Ronaldo»

ការសម្រេចចិត្តលុបបំបាត់ «គោលការណ៍ Ronaldo» របស់ម្ចាស់ថ្មី នឹងជួយឱ្យ Man United ទាក់ទាញបានកីឡាករជើងខ្លាំងលំដាប់ពិភពលោក

Sheikh Jassim bin Hamad al-Thani ចង់​លុប​បំបាត់​គោល​ការណ៍​ដែល​រារាំង​កីឡាករ​​ទទួល​បាន​ប្រាក់​បៀវត្សខ្ពស់​ជាង​ បើ​ធៀប​នឹង​មិត្ត​រួម​ក្រុម​ដទៃ​ដែល​ Manchester United កំពុង​អនុវត្ត​។

ទំព័រ Sun Sport ថ្មី​ៗ​នេះ​បាន​រាយការណ៍​ថា ម្ចាស់​ថ្មី​ដ៏​មាន​សក្ដានុពល​របស់ Man United នឹង​​លុប​ចោល​ការ​កំណត់​ស្ដី​ពី​​ប្រាក់​បៀវត្ស​​​ក្នុង​សម័យ​របស់​គ្រូ​បង្វឹក​ Erik ten Hag ដែល​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​​របស់​ក្លឹប​ បន្ទាប់​ពី​ការ​ចាក់​ចេញ​របស់​ Cristiano Ronaldo កាល​ពី​ចុង​ឆ្នាំ​មុន​។

យោង​តាម​អ្វី​ដែល​គេ​ហៅ​ថា «គោលការណ៍​ Ronaldo» ក្លឹប Man United បាន​កំណត់​ប្រាក់​បៀវត្ស​​អតិបរមា​ប្រចាំ​សប្ដាហ៍​ត្រឹម​ 200,000 ផោន​អង់គ្លេស​ ហើយ​នឹង​មិន​ផ្ដល់​ប្រាក់​បៀវត្ស​​លើស​ពី​នេះ​ដល់កីឡាករ​​​ណា​ទាំងអស់​។ គោល​ការណ៍​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​​មិន​ផ្លូវ​ការ​ទៅ​តាម​ឈ្មោះ​របស់ Ronaldo ព្រោះ​តែ​កំពូល​តារា​បាល់​ទាត់​ព័រទុយហ្កាល់​រូប​នេះ​ ​ធ្លាប់​ទទួល​បាន​ប្រាក់​បៀវត្ស​ 385,000 ផោន​/​សប្ដាហ៍​ នៅ​ក្នុង​ការ​ធ្វើ​ការ​ឱ្យ​ក្លឹប​នេះ​លើក​ទី​ពីរ​ មុន​ពេល​ទំនាក់​ទំនង​រវៀង​ CR7 និង​ Man United ត្រូវ​​បញ្ចប់​ក្នុង​ភាព​ចម្រូង​ចម្រាស​។

ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ថ្មី​ ជំរុញ​ឱ្យ​បីសាច​ក្រហម​អាច​ទាក់​ទាញ​បណ្ដា​កីឡាករ​លំដាប់​ពិភពលោក​ មក​ចូល​រួម​ជាមួយ​​គ្រួសារ​ Old Trafford​ ក្នុង​នោះ​មាន​ Neymar របស់​ក្លឹប PSG ជា​ដើម​។ ការ​លុប​ចោល «​គោលការណ៍​ Ronaldo» ក៏​អាច​ជួយ​ឱ្យ​ Man United រក្សា​កំពូល​កីឡាករ​ដែល​មាន​បច្ចុប្បន្ន​ មាន​ដូច​ជា Marcus Rashford ជា​ដើម​ ដែល​កំពុង​រារែក​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ ព្រោះ​តែ​ប្រាក់​បៀវត្ស​​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ភាគី​ក្លឹប​។

Sheikh Jassim អ្នក​វិនិយោគ​មក​ពី​កាតា​ បាន​ធ្វើ​ការ​ប្រឹង​ប្រែង​ដើម្បី​ដណ្ដើម​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​របស់​ Man United ពី​គ្រួសារ​ Glazer​។ មុន​ពេល​ម្ចាស់​ថ្មី​មក​កាន់​ Old Trafford ក្រុម​ Man United នឹង​ត្រូវ​បញ្ចប់​រដូវ​កាល​ Premier League 2022/2023 ដោយ​ការ​ប្រកួត​​នៅ​លើ​ទីលាន​របស់​ខ្លួន​ ជាមួយ​នឹង Fulham និង​ប៉ះ​ Manchester City ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FA Cup នៅ​សប្ដាហ៍​ក្រោយ​៕

Advertisement