ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​ជប៉ុន​លុប​ចោល​ការ​ប្រកួត​មិត្ត​ភាព​សម្រាប់​រដូវ​ FIFA Days

ទំព័រ​ Siam Sport ដក​ស្រង់​ប្រភព​ព័ត៌មាន​ពីជប៉ុន បាន​ឱ្យ​ដឹង​ថា​ សហព័ន្ធ​កីឡាបាល់​ទាត់​ជប៉ុន (JFA) បាន​លុប​ចោល​គម្រោង​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់​ទីន​ ព្រោះ​តែ​ការ​ចំណាយ​ខ្ពស់​ពេក​។

យោង​តាម​ប្រភព​ព័ត៌មាន JFA ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​គម្រោង​អញ្ជើញ​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន មក​ប្រកួត​មិត្ត​ភាព​នៅ​ក្នុង​ឱកាស​ FIFA Days ក្នុង​ខែ​មិថុនា 2023​ ព្រោះ​តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ហួស​។ JFA ត្រូវ​ចំណាយ​ប្រាក់​ 600 លាន​យេន (ជាង 4.3 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​អញ្ជើញ​ Messi និង​មិត្ត​រួម​ក្រុម​មក​ប្រកួត​នៅ​ប្រទេស​ជប៉ុន​។

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កំពុង​គ្រប់​គ្រង​តំណែង​ជើង​ឯក​ World Cup និង​ជាប់​ចំណាក់​ថ្នាក់​លេខ​មួយ​លើ​ពិភពលោក​ ដោយ​មាន​​កំពូល​តារា​បាល់​ទាត់ Lionel Messi នៅ​ក្នុង​ក្រុម​។ ដូច្នេះ តម្លៃ​យីហោ​របស់​ពួក​គេ​ពិត​ជា​ខ្ពស់​។ ក្រុម​ជម្រើស​ជាតិ​ដែល​ចង់​អញ្ជើញ​ក្រុម​អាហ្សង់ទីន​មក​ទាត់​មិត្ត​ភាព​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។

កាល​ពី​ឆ្នាំ​មុន JFA ត្រូវបាន​គេ​ជឿ​ថា បាន​ចំណាយ​ 300 លាន​យេន (ជាង 2.1 លាន​ដុល្លារអាម៉េរិក) ដើម្បី​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មក​ទាត់​មិត្ត​ភាព​​ជាមួយ​ក្រុម​ជប៉ុន​នៅ​ថ្ងៃ​ទី 6 មិថុនា។ ក៏ប៉ុន្តែ​ ឆ្នាំ​នេះ​ JFA មិន​អាច​ «ដៃទូលាយ» ដូច​មុននៅ​ក្នុង​ការ​អញ្ជើញ​ក្រុម​អាហ្សង់ទីន​។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន

ជំនួស​ឱ្យ​ការ​ប្រកួត​ជាមួយ​អាហ្សង់ទីន ឆ្នាំ​នេះ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​នឹង​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ចំនួន​ពីរ​មក​ពីទ្វីប​អាម៉េរិក​ នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ រួម​មាន​ អែលសាល់វ៉ាឌ័រ​ (15 មិថុនា) និង ប៉េរូ (20 មិថុនា)​។ គ្រូបង្វឹក​ Hajime Moriyasu ក៏​បាន​ប្រកាស​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ដែល​ត្រៀម​សម្រាប់​ការ​ប្រកួតទាំង​​នេះ​រួច​ហើយ។

ចំពោះ​អាហ្សង់ទីន​វិញ ពួក​គេ​នឹង​ទាត់​មិត្ត​ភាព​ជាមួយ​អូស្ត្រាលី​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី 15 មិថុនា​ 2023​។ បួន​ថ្ងៃ​ក្រោយមក​ ក្រុម​អាហ្សង់ទីន​នឹង​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​​ផ្ទះ​ឥណ្ឌូណេស៊ី​។ យោង​តាម New York Times ឥណ្ឌូណេស៊ី​ត្រូវ​ចំណាយ​​ប្រាំ​លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​មក​ប្រកួត​ជា​លើក​ដំបូង​​៕

Advertisement