ម្ចាស់​ជើង​ឯក​បាល់ទាត់​ SEA Games ​​​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ World Cup​​ ​នៅ​ខែ​ក្រោយ​

សហព័ន្ធ​កីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) ប្រកាស​ថា នឹង​ប្រកួត​មិត្ត​ភាព​ជាមួយ​ម្ចាស់​ជើង​ឯក World Cup នៅ​ថ្ងៃ​ទី 19 ខែ​មិថុនា 2023​ និង​បាន​អំពាវនាវ​ឱ្យ​រក្សា​សណ្ដាប់​ធ្នាប់​ ចៀស​វាងការ​ប្រកួត​ត្រូវ​លុបចោល​។

ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​​អំពី​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់ទីន​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីលាន​បាល់​ទាត់ Gelora Bung Karno នា​រសៀល​ថ្ងៃ​ទី 24 ឧសភា​។

ប្រធាន PSSI លោក Erick Thohir ឱ្យ​ដឹង​ថា ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​គូប្រជែង​លំដាប់​ខ្ពស់​បំផុត​ដូច​អាហ្សង់​ទីន គឺជា​ឱកាស​​ដ៏​មាន​តម្លៃ​ដើម្បី​សាកល្បង​​ផ្លូវ​ចិត្ត សមត្ថភាព និង​ដក​បទ​ពិសោធន៍​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​។

មេដឹកនាំ​ PSSI ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ទ្រង់ទ្រាយធំ​បំផុត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ Lionel Messi, Lautaro Martinez និង​មិត្ត​រួម​ក្រុម​ ចៀស​វាង​ហានិភ័យ​ការ​ប្រកួត​ត្រូវ​លុប​ចោល។

Thohir រម្លឹក​ឡើងវិញ​នូវ​មេរៀន​ឆ្នាំ 2019 នៅ​ពេល Man Utd លុប​ចោល​ដំណើរ​មក​ប្រកួត​នៅ​ឥណ្ឌូណេស៊ី ព្រោះ​តែ​​ករណី​បំផ្ទុះ​គ្រាប់​បែក​ភេរវកម្ម​ ក្នុង​នោះ​ក៏​មាន​នៅ​សណ្ឋាគារ​ដែល​កូន​សិស្ស​ និង​គ្រូបង្វឹក Sir Alex Ferguson បាន​ជ្រើស​រើស​ជា​កន្លែង​ស្នាក់​នៅ​។

PSSI ចំណាយប្រហែល​ 5 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អញ្ជើញ​ក្រុមជម្រើស​ជាតិ​អាហ្សង់ទីន​មក​ប្រកួត​មិត្ត​ភាព​នៅ​ឥណ្ឌូណេស៊ី​។ ដូច​ទៅ​នឹង​បណ្ដា​ក្លឹប​នៅ​អឺរ៉ុប កិច្ច​ព្រម​ព្រៀង​រវាង​ PSSI និងអាហ្សង់ទីន មាន​លក្ខខណ្ឌ​បញ្ជាក់​ថា ក្រុម​ភ្ញៀវ​មាន​សិទ្ធិ​លុប​ចោល​ការ​ប្រកួត​ បើ​សិន​សុវត្ថិភាព​នៅ​ទីតាំង​ប្រកួត​មិន​ត្រូវ​បាន​ធានា​ ព្រោះ​តែ​ហេតុការណ៍​ចលាចល គ្រោះ​ធម្មជាតិ​ ឬ​ភេរវកម្ម​។ល។ នេះ​បើ​តាម​ New York Times ។

មុន​ពេល​មក​កាន់ឥណ្ឌូណេស៊ី ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ប្រកួត​មិត្ត​ភាព​ជាមួយ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី 15 មិថុនា​ 2023​៕

Advertisement