មេធំ​របស់​ PSSI លើក​​មូលហេតុ​ដែល​មិន​ពិន័យ​ចំពោះ U22 ឥណ្ឌូណេស៊ី​ ក្រោយ​​ការ​វាយ​តប់​គ្នា​នៅ​ស៊ីហ្គេម

លោក Erick Thohir (ស្ដាំ)

លោក Erick Thohir ប្រធាន​ PSSI បាន​ចេញ​មុខ​បញ្ជាក់​​អំពី​មូលហេតុ​ដែល​មិន​ដាក់​ទោស​លើ​ក្រុម​បាល់​ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម​ 22​ ឆ្នាំ (U22) របស់​ឥណ្ឌូណេស៊ី ក្រោយ​ហេតុការណ៍​វាយ​តប់​គ្នា​​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​ទី 32​។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី 32 ក្រុម​ U22 ឥណ្ឌូណេស៊ី​ និង​ U22 ថៃ បាន​បន្សល់​ទុក​ «អនុស្សាវរីយ៍​មិន​ល្អ» នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អាស៊ី​អាគ្នេយ៍​ នៅ​ពេល​វាយ​តប់​គ្នា​​នៅ​លើ​ទីលាន​បាល់​ទាត់​របស់​កម្ពុជា​។

ចំពោះ​ភាគីសហព័ន្ធ​កីឡា​បាល់​ទាត់​​ថៃ (FAT) សមាជិក​បី​រូប​របស់​​ក្រុម​គ្រូបង្វឹក​ និង​កីឡាករ​ពីរ​រូប​ដែល​បាន​ចូល​រួម​ការ​វាយ​តប់គ្នា​ ត្រូវ​បាន​ដាក់​ទោស​ជា​ផ្លូវ​ការ​​ ក្រោយ​ពី​សមត្ថកិច្ច​ថៃ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​។

ក៏ប៉ុន្តែ យោង​តាម​សារព័ត៌មានឥណ្ឌូណេស៊ី ប្រធាន​សហព័ន្ធ​បាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាន​សម្រេច​ចិត្ត​មិន​ដាក់​ទោស​ចំពោះ​សមាជិក​ក្រុម​គ្រូបង្វឹក និង​កីឡាករ​របស់​ក្រុម​ U22 ឥណ្ឌូណេស៊ី ព្រោះ​យល់​ថា 22 ថៃ គឺ​ជា​អ្នក​បង្ក​ហេតុ​មុន​។

«U22 ឥណ្ឌូណេស៊ី មិន​បាន​ទៅ​រក​រឿង​ជាមួយ​ថៃឯណា? ហេតុ​អ្វី​យើង​ត្រូវ​ដាក់​ទោស​ក្រុម​គ្រូបង្វឹក និង​កីឡាករ​របស់​យើង? ពិត​ណាស់ ត្រូវ​តែ​មាន​ការ​កែ​តម្រូវ​កីឡាករ​ ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​ ប៉ុន្តែ​បើ​សិន​ជា​ដាក់​ទោស ខ្ញុំ​គិត​ថា មិន​សម​ស្រប​» លោក Erick Thohir និយាយ​ដូច្នេះ​ និង​ ​បន្ត​ថា «ជាក់​ស្ដែង U22 ថៃ ជា​អ្នក​បង្ក​ហេតុ​មុន​»។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ មេដឹក​នាំ​បាល់​ទាត់​ឥណ្ឌូណេស៊ី បាន​អះអាង​ថា លោក​គោរព ផ្ដល់​តម្លៃ​​ចំពោះ​​ចំណាត់​ការ​របស់ FAT​។ លោក Erick Thohir សង្កត់​ធ្ងន់​ថា ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​នេះ​មិន​បាន​បង្ក​ផល​វិបាក​ដល់​ទំនាក់​ទំនង​រវាង​បណ្ដា​សហព័ន្ធ​បាល់​ទាត់​នៅ​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា​ឡើយ​៕

Advertisement