CR7 បង្ហាញ​ថ្វី​ជើង ជួយ​ឱ្យ Al Nassr បន្ត​​ក្ដី​ស្រមៃ​លើក​ពាន​​នៅ​អារ៉ាប៊ីសាអូឌីត

Cristiano Ronaldo រក​បាន​គ្រាប់​បាល់​ដែល​សម្រេច​ឱ្យ​ Al Shabab ចាញ់​ការ​ប្រកួត​ និង​ជួយ​ឱ្យ​ Al Nassr បន្តក្ដី​ស្រមៃ​ក្លាយ​ជា​ជើង​ឯក​ Saudi Pro League 2022/2023​។

នៅ​វេលា​ទៀប​ភ្លឺ​ ថ្ងៃទី 24 ឧសភា (វេលា​នៅ​កម្ពុជា) CR7 និង​ក្រុម Al Nassr ឈាន​ចូល​ដល់​ជុំ​ទី 27 នៃ​ការ​ប្រកួត​បាល់​ទាត់​ដណ្ដើម​ពាន​រង្វាន់​ Saudi Pro League 2022/2023 ​ដោយ​ការ​ប្រកួត​ជាមួយ​ក្រុម​ Al Shabab នៅ​លើ​ទីលាន​​របស់ Al Nassr​។

ថ្វី​បើ​មាន​កីឡាករ​ជើង​ខ្លាំង​ច្រើន​នាក់ ប៉ុន្តែ Al Nassr ត្រូវ​បាន​ក្រុម​ភ្ញៀវ​​ Al Shabab នាំ​មុខ​ 2-0​ នៅ​នាទី​ទី 25 និង 40 ​ក្នុង​តង់​ទី​មួយ​។ ប៉ុន្តែ ក្រុម​ម្ចាស់​ទី​លាន​ Al Nassr ក៏រក​បាន​មួយ​គ្រាប់​នៅ​ចុង​​តង់​​ទី​មួយ​ ដោយ​ថ្វី​ជើង​របស់ Talisca​។

ចូល​ដល់​តង់​ទី​ពីរ កីឡាករ Ghareeb របស់​ Al Nassr ក៏​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់នៅ​នាទី​ទី 51 ជួយ​ឱ្យ​គ្រាប់​បាល់​ស្មើ 2-2​។

នៅ​នាទីទី​ 59 Ronaldo ទទួល​បាន​បាល់​ រួច​បន្ត​អូស​ទៅ​មុខ ឆ្លង​ផុត​ខ្សែ​ការ​ពារ​របស់​ Al Shabab ហើយ​ទាត់​ផ្ដាច់សំដៅ​​ជ្រុង​ទី​​​បាន​សម្រេច​ ជួយ​ឱ្យ Al Nassr នាំ​មុខ 3-2​ ហើយ​នេះ​ក៏​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។

ជ័យ​ជម្នះ​នេះ​ក៏​ជួយ​ឱ្យ​ Al Nassr បន្ត​ដេញ​តាម​ក្រុម​កំពូល​តារាង Al Ittihad ដោយ​មាន​គម្លាត​ 3 ពិន្ទុ​ គ្រា​ដែល​ Al Nassr នៅ​សល់​ពីរ​ប្រកួត​ទៀត​​៕

Advertisement