កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ទទួលបាន​សារ​ល្អ​ស្ដីពី​អនាគត ពី​ក្លឹប​ធំ​នៅ​អឺរ៉ុប

លោក Xavi Hernandez និង​ Messi

មួយ​ក្នុងចំណោម​ក្លឹប​បាល់ទាត់​ដែលមាន​អំណាច​បំផុត​នៅ​អឺរ៉ុប បានលើកឡើង​នូវ​សារ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ទាក់ទិន​នឹង​អនាគត​របស់ Lionel Messi។

អនាគត​របស់ M10 បន្ត​ក្លាយជា​ប្រធានបទ​នៃ​ដំណឹង​ចចាមអារ៉ាម​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក​ក្នុង​រយៈពេល​កន្លង។ គ្រូបង្វឹក​របស់​ក្លឹប Barcelona លោក Xavi Hernandez បាន​និយាយ​អំពី​លទ្ធភាព​ដែល​កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន ត្រលប់​ទៅកាន់​ក្លឹប​ចាស់​នៅ​តំបន់​ស្វយ័ត​កាតា​ឡូ​ញ៉ា បើទោះជា​អ្នក​យុទ្ធសាស្ត្រ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មានការ​ប្រុងប្រយ័ត្ន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​ជុំវិញ​រឿង​អនាគត​របស់ Messi។

ថ្មីៗនេះ លោក Xavi Hernandez បាន​និយាយថា ការវិល​ត្រលប់​របស់ Messi គឺជា​រឿង «ងាយ​កើតឡើង» និង​អាស្រ័យ​លើ​កត្តា​មួយចំនួន ក្នុង​នោះ​មាន​ដូចជា​ បំណង​របស់ El Pulga កិច្ចសន្យា និង​កិច្ចការ​នៅ​ពីក្រោយ​ដែល​​អាច​នាំទៅរក​កិច្ចព្រមព្រៀងថ្មី​។

លោក Xavi Hernandez បាន​សម្ដែង​ការចង់​ឃើញ Messi ត្រលប់​មកកាន់​ខ្សែប្រយុទ្ធ​របស់ Barcelona ខណៈដែល​គណៈ​គ្រប់គ្រង​របស់​ក្លឹប​នេះ​ក៏​គាំទ្រ​គំនិត​នេះ។ លោក Xavi Hernandez ជឿជាក់​លើ​ការសម្រេចចិត្ត​ចុងក្រោយ​របស់ Messi នៅពេល​កិច្ចព្រមព្រៀង​រវាង M10 ជាមួយ PSG អស់​សុពលភាព គ្រា​ដែល​ទំនាក់ទំនង​របស់ Messi និង​អ្នកគាំទ្រ​របស់ PSG មិនបាន​ល្អ​ដូច​មុន៕

Advertisement