​ត្រូវ​គេ​ «សំពង» ​ព្រោះ​​​គប់​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ឥណ្ឌូណេស៊ី តារាបាល់​ទាត់ U22 ថៃ ចេញ​មុខ​បក​ស្រាយ

ខ្សែការពារ Jonathan Khemdee របស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ

ខ្សែ​ការពារ​ Jonathan Khemdee របស់​ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​ថៃ ទទួល​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ បន្ទាប់​ពី​​មាន​សកម្មភាព​គប់​មេដាយ​ប្រាក់​ និង​វត្ថុអនុស្សាវរីយ៍​នៅ​ស៊ីហ្គេម​លើក​ទី 32​ ទៅ​កាន់​វេទិកា​ទស្សនិកជន​ ក្រោយ​ពី​​ U22 ថៃ ចាញ់​ U22 ឥណ្ឌូណេស៊ី ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

នៅ​ក្នុង​ពិធី​ប្រគល់​មេដាយ​នៃ​វិញ្ញសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី​ 32 កីឡាករ​ខ្សែ​ការពារ​ Jonathan Khemdee បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​ពេល​ចាប់​យក​វត្ថុ​អនុស្សាវរីយ៍​ និង​មេដាយ​ប្រាក់​ដោយ​ខ្លួន​ឯង​​ ហើយ​គប់​ទៅ​កាន់​អ្នក​គាំទ្រ​​នៅ​តំបន់​សម្រាប់​ទស្សនិកជន​​នៃ​ទីលាន​ប្រកួត​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

ក្រោយ​ពី​វីដេអូ​បង្ហាញ​ពី​សកម្ម​ភាព​ខាងលើ​របស់ Jonathan Khemdee ត្រូវ​បាន​ចែក​រំលែក​តគ្នា​នៅ​លើ​អ៊ីនធើណិត អ្នក​លេង​បណ្ដាញ​សង្គម​​​បាន​ធ្វើ​ការ​រិះគន់​ស្ទើរ​គ្រប់​គ្នា​ ដោយ​ពួក​គេ​យល់​ថា នេះ​គឺជា​ទង្វើ​ដែល​ខ្វះ​ការ​គោរព គ្មាន​សុជីវធម៌ ​ប្រកប​ដោយ​ការ​មើល​ងាយ​ និង​​មិន​អាច​ទទួល​យក​បាន​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះកម្ពុជា​។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ក៏បាន​សរសេរថា៖ «កីឡាករ​បាល់ទាត់​ថៃ ធ្វើបែបនេះ​គឺ​បាត់​ចរិត​ជា​កីឡាករ ជាការ​មើលងាយ​ម្ចាស់ផ្ទះ​ពេក​ហើយ។ មេដាយ និង​តុ​ក្ត​តា​តំណាង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​បាន​ផ្តល់ជូន​កីឡាករ​នេះ​គឺមាន​តម្លៃ​កិត្តិយស​ធំធេង​ណាស់ មិនមែន​គ្រប់​មនុស្ស​ចេះតែ​ទទួល​បានទេ គឺ​ប្រគល់​ដល់​តែ​ចំពោះ​អ្នក​បាន​សាង​ស្នាដៃ​ក្នុង​ព្រឹត្តិការណ៍​ប៉ុណ្ណោះ។ សហព័ន្ធ​បាល់ទាត់​ថៃ​គួរ​អប់រំ​កីឡាករ​រូបនេះ»។

ក៏ប៉ុន្តែ កីឡាករ​ថៃ​ម្នាក់​នេះ ថ្មី​ៗ​នេះ​ក៏​បាន​ចេញ​មុខមក​​បក​ស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ ចំពោះ​​ទង្វើ​របស់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​ «សំពង» ដោយ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​។ Khemdee បាន​សរសេរ​ថា គាត់​គ្រាន់​តែ​ចង់​ជូន​មេដាយ​ដល់​អ្នក​គាំទ្រ​​ដើម្បី​ជា​ការ​អរគុណ​ប៉ុណ្ណោះ មិន​មាន​បំណង​គប់​ចោល​មេដាយ​ដែល​ខ្លួន​ និង​ក្រុម​ U22 ថៃ ដណ្ដើម​បាន​​នោះ​ទេ​។

Advertisement