ថៃ​​ធ្វើ​ការ​សូមទោស តែ​ថា​នឹង​វែករកមុខ​​​អ្នកបង្ក​ហេតុ មុននឹង​ពិន័យ​ក្រុមបាល់ទាត់​ជម្រើសជាតិ

សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បានធ្វើការ​សូម​អភ័យទោស​ពី​សំណាក់​អ្នកគាំទ្រ បន្ទាប់ពី​មាន​អំពើហិង្សា​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

«យើងខ្ញុំ​សូម​អភ័យទោស​ចំពោះ​ទស្សនិកជន​នៅ​ទីលាន​ប្រកួត និង​អ្នកគាំទ្រ​នៅ​ទូទាំង​ពិភពលោក។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ» FAT សរសេរ​ក្នុង​សេចក្ដី​ប្រកាស​​មួយ​ដែល​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃទី 17 ឧសភា​នេះ។

FAT ខកចិត្ត​នៅពេល​សមាជិក​ក្រុម​គ្រូបង្វឹក​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​តំណាង​របស់​សហព័ន្ធ បែរជា​ចូលរួម​ក្នុង​ហេតុការណ៍​ប្រវាយប្រតប់​ជាមួយ​ឥណ្ឌូណេស៊ី។ FAT នឹង​បង្កើត​គណៈកម្មការ​វិន័យ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់ វែក​​រក​មុខ​អ្នក​បង្ក​ហេតុ​ដំបូង ក៏ដូចជា​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ហេតុការណ៍​នេះ មុនពេល​លើកឡើង​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។

«នឹងមិន​មានការ​លើក​លែង​ចំពោះ​អ្នកបង្ក​កំហុស។ គណៈកម្មការ​ស៊ើបអង្កេត​នឹងធ្វើ​ការ​ភ្លាម បន្ទាប់ពី U22 ត្រលប់មក​ប្រទេស» FAT សង្កត់ធ្ងន់​ដូច្នេះ និង​បន្ថែមថា បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលយក​យោបល់​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​អាក្រក់​នេះ​កើតឡើង​ជាថ្មី។ (ព័ត៌មាន​ស្ដីពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រកបដោយ​អំពើហិង្សា​នេះ សូម​ចូល​អាន​ទីនេះ)៕

Advertisement