កម្ពុជា​មិនទាន់​បិទ​ព្រឹត្តិការណ៍​ផង ថៃ​​ប្រញាប់​​​ប្រកាស​​អំពី​គម្រោង​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 33

ថៃប្រកាសអំពីគម្រោងរៀបចំស៊ីហ្គេមលើកទី 33

ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​របស់​ប្រទេស​ថៃ (SAT) ថ្មីៗនេះ​បានប្រកាស​អំពី​ផែនការ​រៀបចំ​មហា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 33។

កាលពី​ថ្ងៃទី 16 ឧសភា ការប្រកួត​ដែល​នៅសល់​របស់​ស៊ី​ហ្គេម​លើក​ទី 32 បានបញ្ចប់​ជា​ស្ថាពរ។ ក្រុមកីឡា​ម្ចាស់ផ្ទះ​កម្ពុជា ដណ្ដើមបាន​មេដាយ​សរុប​ចំនួន 282 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 81 គ្រឿង ត្រូវ​ជាប់​លេខ​បួន។ ចំណែក​ក្រុម​ជាប់​លេខ​មួយ​គឺ​វៀតណាម ដោយ​ដណ្ដើម​មេដាយមាស​បាន 136 គ្រឿង ខណៈ​ថៃ​រកបាន​មេដាយមាស 108 គ្រឿង ត្រូវ​ជាប់​លេខ​ពីរ និង​ឥណ្ឌូណេស៊ី​ជាប់​លេខ​បី ដោយ​ដណ្ដើម​មេដាយមាស​បាន 87 គ្រឿង។

កាលពី​ថ្ងៃទី 16 ឧសភា ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​របស់​ប្រទេស​ថៃ (SAT) បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅមុន​ពិធី​បិទ​ស៊ី​ហ្គេម​នៅ​កម្ពុជា ដើម្បី​ប្រកាស​អំពី​គម្រោង​សម្រាប់​ស៊ី​ហ្គេម​បន្ទាប់​នាពេលខាងមុខ។ ស៊ី​ហ្កេ​ម​លើក​ទី 33 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 20 ធ្នូ 2025 នៅ​បាងកក ឈុន​បុរី (Chonburi) និង សុង​ក្លា (Songkhla)។ នៅក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ថ្ងៃទី 17 ឧសភា​នេះ ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ប្រគល់​ទង់​ស៊ី​ហ្គេម​ដល់​ម្ចាស់ផ្ទះ​បន្ទាប់។ ​ស៊ី​ហ្គេម​លើក​ទី 33 ​នឹង​ជា​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ដំបូង​ដែល​ថៃ​រៀបចំ រាប់​ចាប់ពី​ឆ្នាំ 2007។

ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 កាលពីថ្ងៃទី 05 ឧសភា 2023 នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

ស៊ីហ្គេម​លើក​ទី 32 នៅ​កម្ពុជា ត្រូវ​បាន​វាយ​តម្លៃ​ថា​ ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​។ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ត្រៀម​យ៉ាង​ហ្មត់​ចត់​នៅ​គ្រប់​បេសកកម្ម​ តាំង​ពី​ការ​រៀប​ចំ ការ​ដឹក​ជញ្ជូន​ សន្តិសុខ​ និង​ការ​ស្នាក់​នៅ​ ហូប​ចុក​របស់​សមាជិក​ប្រតិភូ​កីឡា​នៃ​បណ្ដា​ប្រទេស​ដែល​បាន​ចូល​រួម​។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 (CAMSOC)

ពិធីបិទ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង 19:00 ថ្ងៃទី 17 ឧសភា​ នៅ​ឯ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​នឹង​មាន​មនុស្ស​ចូល​រួមទស្សនា​​ប្រហែល 2,000 នាក់​។ យោង​តាម​ប្រសាសន៍​របស់​ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 (CAMSOC) ពិធី​បិទក៏​​នឹង​មាន​សិល្បករ សិល្បការិនី​ប្រមាណ​​ 2,000 នាក់​ចូលរួម​សំដែង​ផងដែរ​។ ពិធី​នេះ​ក៏​នឹង​មាន​ភាព​អស្ចារ្យ​មិន​ចាញ់​ពិធី​បើក​ព្រឹត្តិការណ៍​​កាល​ពី​ថ្ងៃទី 05 ឧសភា​ប៉ុន្មាន​ឡើយ​៕

Advertisement