ខ្សែការពាររបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ Jonathan Khemdee យល់ថា អាជ្ញាកណ្ដាលបង្កឱ្យមានកំហុសឆ្គងធំជាច្រើន នាំទៅរកជម្លោះរវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32។
កាលពីព្រលប់ថ្ងៃទី 16 ឧសភា នៅលើទីលានបាល់ទាត់របស់ពហុកីឡដ្ឋានជាតិអូឡាំពិក សមាជិកក្រុមកីឡាថៃ និងឥណ្ឌូណេស៊ី បានប៉ះទង្គិចគ្នាពីរលើក។ ពិសេសគឺការប្រវាយប្រតប់គ្នានៅក្រោយការស៊ុតបញ្ចូលទីរបស់កីឡាករ Irfan Jauhari ជួយឱ្យឥណ្ឌូណេស៊ី នាំមុខ 3-2 នៅដើមនារីថែមម៉ោងលើកទីមួយ នាំឱ្យអាជ្ញាកណ្ដាលពិន័យកាត់ក្រហមដោយផ្ទាល់ចំនួនប្រាំចំពោះភាគីទាំងពីរ។
ក្រោយការប្រកួត Jonathan Khemdee បានប្រាប់អ្នកយកព័ត៌មានថា «អាជ្ញាកណ្ដាលបង្កកំហុសធំជាច្រើន ហើយនោះគឺជាមូលហេតុដែលនាំឱ្យមានករណីប្រវាយប្រតប់គ្នា។ អាជ្ញាកណ្ដាលមិនអាចគ្រប់គ្រងការប្រកួត ដូច្នេះគ្រប់គ្នាក៏រុលទៅរកគ្នា និងវាយគ្នា»។
យោងតាមខ្សែការពារកណ្ដាលដើមកំណើតដាណឺម៉ាកខាងលើ កំហុសធំបំផុតរបស់អាជ្ញាកណ្ដាលស្ថិតនៅត្រង់គ្រាប់បាល់ចាញ់ទីពីររបស់ថៃ។ នាទីទីប្រាំនៃការថែមម៉ោងក្នុងតង់ទីមួយ កីឡាករឥណ្ឌូណេស៊ីម្នាក់រងរបួសត្រង់ក្បាល ទើបអាជ្ញាកណ្ដាលផ្លុំកញ្ចែផ្អាកការប្រកួត គ្រាដែលគ្រាប់បាល់មិនបានទៅខាងណា។ បន្ទាប់ពីកីឡាករឥណ្ឌូណេស៊ីត្រូវគេសែងចេញ អាជ្ញាកណ្ដាលក៏ប្រគល់បាល់ឱ្យប្រធានក្រុម Rizky Ridho របស់ឥណ្ឌូណេស៊ី ពេលដែលកីឡាកររបស់ថៃ មិនត្រូវបានអនុញ្ញាតឱ្យដណ្ដើមបាល់ភ្លាម។ Rodho បញ្ជូនបាល់ឡើងដល់ក្បែរតំបន់គ្រោះថ្នាក់របស់ថៃ ហើយខ្សែប្រយុទ្ធ Ramadhan Sananta ក៏ទាត់បាល់រំលងក្បាលអ្នកចាំទី Soponwit Rakyart ធ្វើឱ្យបាល់ហោះចូលទី ជួយឱ្យឥណ្ឌូណេស៊ីនាំមុខ 2-0។
ក្រុមកីឡាករថៃ ភ្លាមនោះក៏បានតវ៉ាទៅកាន់អាជ្ញាកណ្ដាលជនជាតិអូម៉ង់ Kassem Matar Al-Hatmi ព្រោះពួកគេយល់ថា Ridho គួរតែប្រគល់បាល់មកឱ្យថៃ។ ប៉ុន្តែ លោក Al-Hatmi នៅតែទទួលស្គាល់គ្រាប់បាល់នេះបន្ទាប់ពីផ្លាស់ប្ដូរយោបល់ជាមួយអាជ្ញាកណ្ដាលខ្សែបន្ទាត់។
ក្នុងការថែមម៉ោងនៅតង់ទីពីរ សំឡេងកញ្ចែរបស់អាជ្ញាកណ្ដាលក៏បានធ្វើឱ្យក្រុមឥណ្ឌូណេស៊ីយល់ច្រលំថាអស់ម៉ោងប្រកួត ទើបនាំគ្នារត់ចូលទីលានអបអរសាទរ គ្រាដែលសំឡេងកញ្ចែនោះគឺជាការពិន័យចំពោះក្រុមឥណ្ឌូណេស៊ី។ ស្ថានការណ៍នេះបាននាំទៅរកគ្រាប់បាល់ស្មើ 2-2 ដោយកីឡាករថៃបានស៊ុតបញ្ចូលទីរបស់ឥណ្ឌូណេស៊ី។ បន្ទាប់ពីស៊ុតចូលភ្លាម កីឡាករថៃក៏រត់ទៅខាងមុខតំបន់អ្នកគាំទ្រឥណ្ឌូណេស៊ីដើម្បីសំដែងការអបអរ ឌឺដង ហើយក៏មានការប៉ះទង្គិចគ្នាមួយប្រាវ។
ចូលដល់តង់ទីពីរ បន្ទាប់ពីរកបានមួយគ្រាប់ទៀតដែលជួយឱ្យនាំមុខ 3-2 ឥណ្ឌូណេស៊ីក៏អបអរសងសឹក ហើយក៏មានការប្រវាយប្រតប់គ្នាជាថ្មី ធ្វើឱ្យការប្រកួតត្រូវអាក់ខានច្រើននាទី។ ពេលនោះ កាត់ក្រហមជាច្រើនក៏ត្រូវបានហូតចេញជាបន្តបន្ទាប់។
បន្ទាប់ពីស្ថានការណ៍ត្រូវបានគ្រប់គ្រង ថៃក៏ត្រូវបាត់បង់កីឡាករពីររូបដោយសារកាត់ក្រហម។ ដោយមានគ្នាតែ 9 នាក់ ក្រុមថៃក៏ត្រូវចាញ់ 2 គ្រាប់ទៀត នាំឱ្យឥណ្ឌូណេស៊ីឈ្នះ 5-2 ជាស្ថាពរ។
«គ្រប់ស្ថានការណ៍ អាជ្ញាកណ្ដាលត្រូវតែរក្សាឥរិយាបថយុត្តិធម៌ ប៉ុន្តែការប្រកួតនេះ អាជ្ញាកណ្ដាលមិនអាចធ្វើបាន» Khemdee អះអាងដូច្នេះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលចប់ការប្រកួត ក្រុមទាំងពីរក៏ពុំមានបញ្ហាអ្វីនឹងគ្នាទៀតនោះដែរ។ នេះគឺជាបទពិសោធន៍ដែលគួរយកជាមេរៀន ដែលយើងមិនគួរឱ្យមានករណីបែបនេះកើតឡើង ព្រោះវាប៉ះពាល់ដល់អ្នកគាំទ្រ និងកីឡាករផងដែរ។ ប៉ុន្តែ បរាជ័យលើកនេះ ធ្វើឱ្យថៃ ខកខានក្នុងការលើកមេដាយមាសនៅស៊ីហ្គេមចំនួនបីជំនាន់បន្តបន្ទាប់ ខណៈដែល U22 ឥណ្ឌូណេស៊ី ដណ្ដើមបានមេដាយមាសលើកទីបីនៅស៊ីហ្គេម៕