U22 ឥណ្ឌូណេស៊ី​ត្រូវ​អ្នកគាំទ្រ​កម្ពុជា «​ស្ទាក់​រថយន្ត» ​ព្រោះតែ​មូលហេតុ​​ដ៏​គួរឱ្យភ្ញាក់ផ្អើល

ការ​ស្ទាក់​ផ្លូវ​របស់​ក្រុម​អ្នក​គាំទ្រ​កម្ពុជា​នេះ​ គឺជា​ទិដ្ឋភាព​ដែល​ពិបាក​បំភ្លេច​សម្រាប់​ក្រុម​កីឡាករ​បាល់​ទា​ត់បុរ​ស​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយពី​បាន​ប៉ះ U22 វៀតណាម នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ។

ទំព័រ Okezone ថ្មី​ៗ​នេះ​ ទើបតែ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​និយាយ​អំពី​ប្រតិកម្ម​ពិសេស​របស់​ក្រុម​អ្នកគាំទ្រ​កម្ពុជា ចំពោះ​ក្រុម​កីឡាករ​បាល់ទាត់ U22 ឥណ្ឌូណេស៊ី ដែល​ដណ្ដើមបាន​ជ័យជម្នះ​លើ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2​។

ទំព័រ Okezone ឱ្យដឹងថា មិនយូរប៉ុន្មាន​បន្ទាប់​ពី​យកឈ្នះ​លើ​វៀតណាម រថយន្តក្រុង​ក៏បាន​ត្រៀម​ដឹក​ក្រុម U22 ឥណ្ឌូណេស៊ី ត្រលប់​ទៅ​សណ្ឋាគារ ប៉ុន្តែ ​ស្រាប់តែ​ត្រូវ​ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់ផ្លូវ «ឡោមព័ទ្ធ» ធ្វើឱ្យ​រថយន្ត​មិនអាច​បរ​ទៅមុខ។ ក្រោយពី​រូបថត​ស្ដីពី​ករណីនេះ​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម អ្នកគាំទ្រ​នៅ​ឥណ្ឌូណេស៊ី ក៏​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ និង​ចង់​ដឹង​ថា មាន​អ្វី​កើតឡើង​ចំពោះ​ក្រុម​ឥណ្ឌូណេស៊ី។

U22 ឥណ្ឌូណេស៊ី ឈ្នះ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2

តាម​ការពិត មូលហេតុ​ដែលនាំឱ្យ​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់​ឡាន​ដឹក​ក្រុម​ឥណ្ឌូណេស៊ី គឺ​ជា​រឿង​សាមញ្ញ​សោះ។ យោងតាម​ទំព័រ Okezone អ្នកគាំទ្រ​របស់​កម្ពុជា​ធ្វើ​ដូច្នេះ​គឺ​គ្រាន់តែ​ដើម្បី​សុំ​ថតរូប​ជាមួយ Marselino Ferdinan និង​មិត្ត​រួម​ក្រុម​របស់គាត់​។

ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា​ទាំងនេះ គឺមាន​ទាំង​បុរស ទាំង​នារី។ តប់​នឹង​សំណើ​របស់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ កីឡាករ​ជាច្រើនរូប​របស់​ឥណ្ឌូណេស៊ី ក៏​យល់ព្រម​ថតរូប​ប្រកបដោយ​ភាពស្និទ្ធស្នាល។ បន្ទាប់មក ពួកគេ​ក៏​ឡើង​ឡាន​ និង​ចេញ​ដំណើរ​​ដោយ​មាន​ការ​រាដៃ​លា​ពី​អ្នក​គាំទ្រ​ ហើយ​ទៅ​ដល់​សណ្ឋាគារ​ដោយ​សុវត្ថិភាព។

ទំព័រ Okezone បានឱ្យដឹងថា ប្រតិកម្ម​ដ៏​ពិសេស​នេះ បានក្លាយ​ជាទី​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម​នៅ​ឥណ្ឌូណេស៊ី។ សារព័ត៌មាន​ឥណ្ឌូណេស៊ី យល់ថា នេះ​គឺជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចងចាំ​សម្រាប់ Ferdinan និង​មិត្ត​រួម​ក្រុម​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ក្រៅពីនេះ ការគាំទ្រ​របស់​ទស្សនិកជន​កម្ពុជា ក៏​នឹង​ជួយ​ឱ្យ U22 ឥណ្ឌូណេស៊ី មាន​កម្លាំងចិត្ត​កាន់​តែ​ខ្ពស់ នៅ​ក្នុង​ការ​​​ប្រកួត​ជាមួយ U22 ថៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ក្រោយ​ការរង់ចាំ​អស់ 32 ឆ្នាំ៕

Advertisement