ជោគជ័យធំៗចំនួន​បី ដែល​កម្ពុជា​ទទួលបាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32

ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យធំៗចំនួន​បី នៅក្នុង​មហា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ នេះ​បើតាម ឯកឧត្ដម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី 32 (CAMSOC)។

ការបញ្ជាក់​ខាងលើ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 16 ឧសភា បន្ទាប់ពី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹ​ត្ដិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី 33។

យោងតាម ឯកឧត្ដម វ៉ា​ត់ ចំរើន ជោគជ័យ​ធំ​ទីមួយ​ដែល​កម្ពុជា​ទទួលបាន គឺ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​នៃ​ការរៀបចំ​ពិធី​បើក​ជា​ផ្លូវការ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ថ្ងៃទី 05 ឧសភា 2023 នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ។

សម្រាប់​ភាពជោគជ័យ​ធំ​ទី​ពីរ គឺ​ចំនួន​ដ៏​ច្រើន​នៃ​មេដាយ​ដែល​កម្ពុជា​ទទួលបាន​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​នេះ​អាចជួយ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​បួន ក្នុងចំណោម 11 ប្រទេស ហើយ​នេះ​គឺជា​រឿង​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​កម្ពុជា។

«ជោគជ័យ​ទី​បី គឺ​ភាពជោគជ័យ​របស់​មហា​ជន និង​សារព័ត៌មាន​ដែល​បាន​ផ្តិត​យក​រូបភាពល្អៗ និង​រូបភាព​មួយ​ដ៏​អស្ចារ្យ គឺ​រូបភាព​នៃ​ការដាក់ចេញ​នូវ​ស្មារតី​កីឡា​របស់​កីឡា​រិ​នី ប៊ូ សំណាង» ឯកឧត្ដម វ៉ា​ត់ ចំរើន ថ្លែង​ដូច្នេះ។

ឯកឧត្ដម​បាន​បន្ថែម​ថា ទាំងអស់នេះ​ជាការ​សម្រេច​ដ៏​ត្រឹមត្រូវ និង​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​មហា​ព្រឹត្តិការណ៍​នេះ៕

Advertisement