ក្រុមបាល់ទាត់​នារី​ដែល​បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម ទទួល​ប្រាក់រង្វាន់​ចំនួន 3.6 ពាន់​លាន​ដុង (ប្រហែល 633,000,000​ រៀល ឬ 153,000 ដុល្លារ​អាម៉េរិក​) ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម រួម​នឹង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​ បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​​​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

ក្រុម​នារី​ជម្រើសជាតិ​វៀតណាម បាន​ផ្ដួល​មី​យ៉ាន់​ម៉ា 2-0 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​កាលពី​ព្រលប់​ថ្ងៃទី 15 ឧសភា 2023។ លទ្ធផល​នេះ​បាន​ជួយ​ឱ្យ​​ក្រុម​នារី​វៀតណាម​​​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ដែល​ដណ្ដើមបាន​មេដាយមាស​ចំនួន​បួន​រដូវ​កាលជាប់ៗគ្នា ហើយក៏​ជា​ក្រុម​ដំបូង​គេ​បង្អស់​ដែល​ដណ្ដើមបាន​មេដាយមាស 8 លើក​នៅ​ស៊ី​ហ្គេម។

បន្ទាប់ពី​ការប្រកួត​ផ្ដាច់ព្រ័ត្រ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ក៏បាន​ប្រកាស​ផ្ដល់ប្រាក់​រង្វាន់ 2 ពាន់​លាន​ដុង ដល់​ក្រុមបាល់ទាត់​នារី​វៀតណាម។ មុន​នោះ VFF ក៏បានផ្ដល់​ប្រាក់រង្វាន់ 1.6 ពាន់​លាន​ដុង​សម្រាប់​បី​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​វៀតណាម​បាន​ឈ្នះ​កម្ពុជា 4-0។ ក្រៅពីនេះ ក៏មាន​ក្រុមហ៊ុន​មួយ ប្រកាស​ផ្ដល់ប្រាក់​រង្វាន់ 200 លាន​ដុង​ (ប្រហែល 8,500 ដុល្លារ​អាម៉េរិក) ដល់​ក្រុម​នារី​វៀតណាម​ផងដែរ ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ដូច្នេះ ប្រាក់រង្វាន់​សរុប​ដែល​ក្រុមបាល់ទាត់​នារី​វៀតណាម​ទទួលបាន​គឺ 3.8 ពាន់​លាន​ដុង (ប្រហែល 668,000,000 រៀល ឬ 162,000 ដុល្លារ​អាម៉េរិក)​​។

ថ្ងៃទី 16 ឧសភា​នេះ ក្រុមបាល់ទាត់​នារី​វៀតណាម ត្រូវ​ត្រលប់​ទៅ​ប្រទេស​វិញ។ ក្រុម​នេះ​នឹង​សម្រាក​យក​កម្លាំង​មួយ​សប្ដាហ៍ មុននឹង​ចូល​ហ្វឹកហាត់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​នៅ World Cup ដែល​នឹង​ចាប់ផ្ដើម​ពី​ខែកក្កដា​ខាងមុខ៕

Advertisement