ក្រុមបាល់ទាត់​នារី​វៀតណាម​អាច​ក្លាយជា​ម្ចាស់​ជើងឯក​បួន​ជំនាន់​ជាប់​គ្នា​​ដំបូង​គេ​នៅ​ស៊ី​ហ្គេម

បើសិនជា​ផ្ដួល​មី​យ៉ាន់​ម៉ា​បានសម្រេច​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ព្រលប់​ថ្ងៃទី 15 ឧសភា​នេះ ក្រុមបាល់ទាត់​នារី​វៀតណាម នឹង​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ដែល​គ្រប់គ្រង​​ជើងឯក​បាល់ទាត់​នារី​បួន​ជំនាន់​បន្តបន្ទាប់​គ្នា​នៅ​ស៊ី​ហ្គេម។

ដោយមាន​កីឡាការិនី​ពេញ​ដោយ​គុណភាព និង​បទពិសោធន៍ ក្រុមបាល់ទាត់​នារី​វៀតណាម​បាន និង​កំពុង «បង្ក​ព្យុះភ្លៀង» នៅលើ​ទីលាន​បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍។ ក្រុម​វៀតណាម​បាន​លើក​ពាន​ស៊ី​ហ្គេម​បី​លើក​ជា​បន្តបន្ទាប់ បើទោះជា​មាន​ក្រុម​ជើង​ខ្លាំង​ថៃ ហ្វ៊ី​លី​ពី​ន ឬ​មី​យ៉ាន់​ម៉ា នា​ប៉ុន្មាន​ឆ្នាំ​កន្លង។

បើសិន​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ម៉ោង​ 19 ​ព្រលប់​នេះ ក្រុម​នារី​វៀតណាម​នឹង​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ដែល​ដណ្ដើមបាន​មេដាយមាស​បួន​ជំនាន់​ជា​បន្តបន្ទាប់ និង 8 លើក​នៅ​ស៊ី​ហ្គេម។ បច្ចុប្បន្ន ក្រុម​នារី​ថៃ ក៏​ធ្លាប់​លើក​ពាន​បី​លើកជាប់ៗគ្នា​នៅ​ស៊ី​ហ្គេម​ផងដែរ​។

នៅ​មុនពេល​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ វៀតណាម​ធ្លាប់​ផ្ដួល​មី​យ៉ាន់​ម៉ា 3-1 នៅ​ជើង​ទី​ពីរ។ បើសិន​ពិនិត្យ​ទៅលើ​ប្រវត្តិ​នៃ​ការ​ប៉ះគ្នា​រវាង​មី​យ៉ាន់​ម៉ា និង​វៀតណាម គេ​ឃើញថា វៀតណាម​កំពុង​មានប្រៀប​ជាង​ក្នុង​ផ្នែក​កម្លាំង​ចិត្ត​។ ចាប់ពី​ឆ្នាំ 2007 ពួកគេ​បាន​ប៉ះគ្នា 26 ប្រកួត​នៅ​គ្រប់​ទីលាន ក្នុងនោះ​វៀតណាម​ឈ្នះ 18 ប្រកួត, ស្មើ 5 ប្រកួត និង​ចាញ់ 3 ប្រកួត។ ដោយ​ឡែក​ ​នៅក្នុង​ស៊ី​ហ្គេម វៀតណាម​មិនបាន​ចាញ់​មីយ៉ាន់ម៉ា ប៉ុន្តែ​បានឈ្នះ​​ 3 ប្រកួត និង​ស្មើ 2 ប្រកួត។

ទោះជា​យ៉ាងណាក៏ដោយ មី​យ៉ាន់​ម៉ា គឺជា​ក្រុម​ដែល​អាច​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​គ្រប់ពេល។ ប្រការនេះ ពួកគេ​បានបញ្ជាក់​រួចហើយ​តាមរយៈ​ការ​ផ្ដួល​ហ្វ៊ី​លី​ពី​ន និង​យកឈ្នះ​លើក​ថៃ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

Advertisement