ក្រុមបាល់ទាត់​នារី​កម្ពុជា​អាច​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ឬ​ទេ ពេល​ប៉ះ​ថៃ​នៅ​ល្ងាច​នេះ​?

នៅ​ចំពោះមុខ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា​ដែល​ត្រូវបាន​វាយតម្លៃថា​ខ្សោយ​ជាង ក្រុម​នារី​ថៃទំនងជា​អាច​ប្រើប្រាស់​ចំណុច​នេះ​ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ​នៅក្នុង​វិញ្ញាសា​បាល់ទាត់​នារី​របស់​ស៊ី​ហ្គេម​លើក​ទី 32។

មកដល់​បច្ចុប្បន្ន ទាំង​ក្រុមបាល់ទាត់​នារី​កម្ពុជា ទាំង​ក្រុម​ថៃ ពុំមាន​ករណី​រងរបួស​ណាមួយ​ឡើយ នៅមុន​ការប្រកួត​ចុងក្រោយ​របស់​វិញ្ញាសា​បាល់​ទាត់​នារី​ ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ល្ងាច​នេះ។

សមត្ថភាព​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា​នាពេលថ្មីៗនេះ៖

ជា​លើកដំបូង​ដែល​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​នារី​កម្ពុជា​មិនអាច​ផ្ដួល​ក្រុម​ខ្លាំង​វៀតណាម (ម្ចាស់​មេដាយមាស 8 លើក​នៅ​ស៊ី​ហ្គេម) តែ​​​ត្រូវ​ចាញ់ 0-4 បើ​ទោះ​កម្ពុជា​បាន​យកឈ្នះ​លើ​ឡាវ 2-0 នៅ​ជើង​ទីមួយ​ ​និង​ឈ្នះ​សង្ហ​បុរី 1-0 នៅ​ជើង​ទី​ពីរ​នៃ​វគ្គ​ចែក​ពូ​ល​ ខណៈ​ដែល​ក្រុម​ថៃ​ត្រូវ​មាន​សមត្ថ​ភាព​ប្រហាក់​ប្រហែល​នឹង​ក្រុម​វៀតណាម​។ ប្រការនេះ​បង្ហាញថា កម្ពុជា​កំពុង​ចាញ់​ប្រៀប​ថៃ​នៅមុន​ការប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ។

​សមត្ថភាព​របស់​ក្រុមបាល់ទាត់​នារី​ថៃ​នាពេលថ្មីៗនេះ៖

ក្រុមបាល់ទាត់​នារី​ថៃ និង​កម្ពុជា​សុទ្ធតែ​បាន​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​នេះ។ ប៉ុន្តែ បរាជ័យ​របស់​ក្រុម​ថៃ ពិតជា​ពិបាក​ទទួលយក​ជាង​បើ​ធៀប​នឹង​បរាជ័យ​របស់​​ក្រុម​នារី​កម្ពុជា។ ក្រុម​ថៃ​បាន​នាំមុខ​មី​យ៉ាន់​ម៉ា​ពីរ​គ្រាប់​តាំងពី​ដើមទី។ ប៉ុន្តែ​ចុងក្រោយ ក្រុម​ថៃ​បែរជា​បណ្ដោយឱ្យ​ចាញ់​មី​យ៉ាន់​ម៉ា 2-4 ទៅវិញ។ ក៏ប៉ុន្តែ បន្ទាប់ពី​បរាជ័យ​នៅ​​វគ្គ​​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ ក្រុម​នារី​ថៃ​ប្រាកដជា​ចង់​ស្រោចស្រង់​កិត្តិយស​របស់ខ្លួន​ឡើងវិញ ដោយ​ការយក​ឈ្នះ​លើ​ក្រុម​នារី​កម្ពុជា នៅក្នុង​ការប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ។ ជាង​នេះ ថៃ​ក៏​កំពុង​មាន​ប្រៀប​ផងដែរ នៅ​ពេល​​​បាន​ផ្ដួល​កម្ពុជា 3-0 នៅ​ក្នុង​ការ​ប្រកួត​​ជើង​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​ កាល​ពី​ថ្ងៃ​ទី 09 ឧសភា​។

ដូច្នេះ ការ​និយាយ​ថា ​ក្រុម​នារី​ថៃ​នឹង​ឈ្នះ​ក្រុម​នារី​កម្ពុជា នៅ​​ក្នុងការ​ប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធដែល​នឹង​ធ្វើ​ឡើង​​នៅ​វេលា​ម៉ោង 16 ថ្ងៃទី 15 ឧសភា​នេះ គឺជា​រឿង​ធម្មតា​ ប៉ុន្តែ​បើ​សិន​ក្រុម​នារី​កម្ពុជា​ឈ្នះ​វិញ នោះ​គឺជា​រឿង​ដ៏​អស្ចារ្យ​។ Admin ជឿថា ក្រុមបាល់ទាត់​នារី​ថៃ អាច​​ឈ្នះ​ក្រុម​នារី​កម្ពុជា ដោយ​លទ្ធផល 3-1 តែ​សូម​ជូន​ពរ​ឱ្យ​ក្រុម​កម្ពុជា​ឈ្នះ​ 1-0​៕

Advertisement