ក្រោយ​ចាញ់​វៀតណាម ក្រុមបាល់ទាត់​នារី​កម្ពុជា គ្មាន​​ពេល​​តូចចិត្ត ព្រោះ​ត្រូវ​ផ្ដួល​ថៃ​ដើម្បី​មេដាយ​សំរឹទ្ធ

កីឡាការិនីកម្ពុជា រារាំងការបញ្ជូនបាល់របស់កីឡាការិនីថៃ ក្នុងការប្រកួតដែលកម្ពុជាចាញ់ថៃ 0-3 នៅក្នុងវគ្គចែកពូលនៃវិញ្ញាសាបាល់ទាត់នារីនៅស៊ីហ្គេមលើកទី 32

កាលពី​ព្រលប់​ថ្ងៃទី 12 ឧសភា ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​ប្រឹង​អស់ពី​សមត្ថភាព ប៉ុន្តែ​នៅតែ​ចាញ់​ក្រុម​នារី​វៀតណាម ក្នុង​លទ្ធផល 0-4 ខណៈ​ដដែល ក្រុម​នារី​ថៃ​ត្រូវ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា 2-4 នាំឱ្យ​កម្ពុជា​ត្រូវ​ប៉ះ​ថៃ​ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ។

«នៅមុន​ការប្រកួត ខ្ញុំ​គិតថា នឹងមិន​ចាញ់​ដល់​ថ្នាក់​នេះ។ ពួកយើង​រំពឹងថា​នឹង​ស្មើ​ជាមួយ​វៀតណាម។ ក៏ប៉ុន្តែ ជាក់ស្ដែង គ្រប់គ្នា​អាច​មើលឃើញ​គម្លាត​សមត្ថភាព​រវាង​ក្រុម​ទាំងពីរ។ ក្រុម​នារី​វៀតណាម​មាន​បច្ចេកទេស និង​បទពិសោធន៍​ច្រើនជាង។ ចំណែក​កីឡាការិនី​របស់ខ្ញុំ​នៅ​ក្មេងខ្ចី» គ្រូបង្វឹក​ជនជាតិ​ចិន​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា លោក Gao Fulin ថ្លែង​ដូច្នេះ​បន្ទាប់ពី​ចាញ់​វៀតណាម 0-4 នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាល​ពី​​ព្រលប់​ថ្ងៃទី 12 ឧសភ​។

អ្នកគាំទ្រ​ជាច្រើន​របស់​កម្ពុជា យល់ថា ក្រុម​នារី​កម្ពុជា​បានបង្ហាញ​សមត្ថភាព​ដែល​បញ្ជាក់​អំពី​ការរីកចម្រើន​ជាង​មុន​ឆ្ងាយ ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង​វៀតណាម​បាន ដោយសារ​ថា ក្រុម​នារី​វៀតណាម​គឺជា​ជើង​ខ្លាំង ធ្លាប់ជា​ម្ចាស់​ជើងឯក​ស៊ី​ហ្គេម​បី​ជំនាន់ជាប់ៗគ្នា​ចុងក្រោយ​នេះ។

គ្រូបង្វឹក​កម្ពុជា​យល់ថា ក្រុម​នារី​កម្ពុជា​ពុំមាន​ពេល​សម្រាប់​ការ​តូចចិត្ត ព្រោះ​នៅ​ចំពោះមុខ​គឺ​គោលដៅ​ផ្ដួល​ក្រុម​នារី​ថៃ ដែល​បាន​ចាញ់​មី​យ៉ាន់​ម៉ា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ។ «យើង​នឹង​យក​កម្លាំង​មកវិញ​ឱ្យបាន​លឿនបន្ទាប់ពី​ការប្រកួត​នេះ និង​ប្រឹងប្រែង​ប្រកួត​ជាមួយ​ថៃ ឱ្យ​បានល្អ​បំផុត។ យើង​សង្ឃឹមថា អាចធ្វើ​អ្វីមួយ​សម្រាប់​ទស្សនិកជន​ម្ចាស់ផ្ទះ» គ្រូបង្វឹក​របស់​ក្រុម​នារី​កម្ពុជា ថ្លែង​ដូច្នេះ។

ទោះជា​យ៉ាងណាក៏ដោយ ការរំពឹងទុក​​ពុំមែន​ជា​លទ្ធផល​ចុងក្រោយ​ឡើយ។ ម្យ៉ាងទៀត ក្រុម​នារី​កម្ពុជា ក៏​ធ្លាប់បាន​ចាញ់​ក្រុម​ថៃ 0-3 នៅក្នុង​វគ្គ​ចែក​ពូ​ល។ ប៉ុន្តែ Admin សូម​ជូនពរ​ដល់​ក្រុមបាល់ទាត់​នារី​កម្ពុជា ទទួលបាន​ជ័យជម្នះ និង​យកបាន​មេដាយ​ជូន​ជាតិ!

Advertisement