ផលប្រយោជន៍​ដែល​កម្ពុជា​អាច​​ទទួលបាន​ពី​ស៊ី​ហ្គេម​លើក​ទី 32

យោងតាម​អ្នកជំនាញ កម្ពុជា​ចំណាយ​ប្រា​ក់ជាង 100 លាន​ដុល្លារ​អាម៉េរិក ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) ដោយ «មិន​គិតថ្លៃ» ក្នុង​បំណង​លើកកម្ពស់​កិត្តិនាម​ប្រទេសជាតិ ជំរុញ​សកម្មភាព​វិនិយោគ និង​ទេសចរណ៍​យូរ​អ​ង្វេ​ង។

កម្ពុជា​ចំណាយ​ប្រាក់​ប្រហែល 118 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ក្នុងនោះ​មានប្រហែល​ 7 លាន​ដុល្លារ​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​ប្រតិភូ​កីឡា​នៃ​បណ្ដា​ប្រទេស​ដែល​ចូលរួម​ប្រកួត ព្រមទាំង​មិន​គិតថ្លៃ​សម្រាប់​ការចូល​ទស្សនា និង​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍។ នេះ​បើតាម សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (CAMSOC)។

ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​អន្តរជាតិ នៅឯ​មជ្ឈមណ្ឌល​ព័ត៌មាន​កណ្ដាល​​​នៃ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ព្រលប់​ថ្ងៃទី 14 ឧសភា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់ CAMSOC បាន​អះអាងថា ស៊ី​ហ្គេម​លើក​ទី 32 គឺជា​ឱកាសល្អ​ដើម្បីឱ្យ​កម្ពុជា​ផ្សព្វផ្សាយ​អំពី​ប្រទេសជាតិ ពិសេស​គឺ​ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​ការបរទេស។

លោក អ៊ុច លាង អនុប្រធាន​នៃ​នាយកដ្ឋាន​សិក្សា​អាស៊ី អាហ្វ្រិក និង​មជ្ឈិមបូព៌ា នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា យល់ថា ការសម្រេចចិត្ត​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 និង​គោលនយោបាយ​មិន​គិតថ្លៃ បានរួម​ចំណែក​បង្ហាញ​អំ​ពីមុខ​មាត់​ ​កេរ្តិ៍ឈ្មោះ​ និង​ការរីកចម្រើន​ថ្មី​របស់​កម្ពុជា។ លោក​បញ្ជាក់ថា ប្រការនេះ​បង្ហាញ​ថា កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ជា​លក្ខណៈ​អន្តរជាតិ។

ប្រការនេះ​គឺ​ផ្ទុយ​ពី​ឆ្នាំ 2006 ដែល​កាលណោះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាសថា កម្ពុជា​មិនអាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី 26 ហើយ​បាន​បដិសេធ​ការអញ្ជើញ​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ 2015។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់ CAMSOC

មកដល់​ឆ្នាំ 2015 ទើប គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រកាស​ជា​លើកដំបូង​ស្ដីពី​បំណង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ ចាប់តាំងពី​ពេលនោះ​មក កម្ពុជា​ក៏​ចាប់ផ្ដើម​ត្រៀមខ្លួន​សម្រាប់​មហា​ព្រឹត្តិការណ៍​នេះ។

ឆ្នាំ 2015 រាជរដ្ឋាភិបាល​អនុម័ត​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​​កាល​ណោះ​គ្រោង​នឹងត្រូវ​ចំណាយ 200 លាន​ដុល្លារ​អាម៉េរិក។ គម្រោង​នេះ​បាន​រួចរាល់​ជា​ស្ថាពរ​កាលពី​ខែសីហា 2021 ដោយ​ចំណាយ​ប្រាក់​អស់​ប្រហែល 160 លាន​ដុល្លារ។

ក្រៅពី​ការលើកកម្ពស់​មុខមាត់​ប្រទេសជាតិ ស៊ី​ហ្គេម​លើក​ទី 32 ក៏​​នាំមក​នូវ​ផលប្រយោជន៍​ចំពោះមុខ និង​យូរអង្វែង​សម្រាប់​កម្ពុជា​ផងដែរ៕

Advertisement