ក្រុម​បាល់ទាត់​នារី​កម្ពុជា​អាចទប់​ទល់​នឹង​​​​វៀតណាម​​បាន​អត់​ នៅ​ព្រលប់​នេះ?

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា

ថ្វីបើ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា ត្រូវបាន​វាយតម្លៃថា​ខ្សោយ​ជាង ប៉ុន្តែ​ពួកគេ​មានការ​រីកចម្រើន​ជាង​មុន ហើយ​មាន​អ្នកគាំទ្រ​ជួយផ្ដល់​កម្លាំងចិត្ត​នៅ​ពេញ​កីឡដ្ឋាន ដូច្នេះ ក្រុម​នារី​វៀតណាម ប្រហែលជា​ត្រូវការ​ប្រឹងប្រែង​ជាង​មុន ក្នុងការ​ប៉ះគ្នា​នៅ​ព្រលប់​ថ្ងៃទី 12 ឧសភា​នេះ​។

ក្រុម​នារី​កម្ពុជា​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម បន្ទាប់ពី​បាន​ផ្ដួល​ឡាវ 2-0, ផ្ដួល​សិង្ហ​បុរី 1-0 និង​ចាញ់​ថៃ 0-3។

ក្រុម​នារី​កម្ពុជា មកដល់​បច្ចុប្បន្ន​ត្រូវបាន​វាយតម្លៃថា បាន​រីកចម្រើន​ជាង​មុន​ឆ្ងាយ នៅពេល​មាន​គ្រូបង្វឹក​ចិន Gao Fulin ប៉ុន្តែ​នៅតែមាន​ចំណុច​ខ្វះខាត​ច្រើន ក្នុងនោះ នៅពេល​ជួប​គូប្រកួតខ្លាំងៗ ពួកគេ​ចេះតែ​ការពារ និង​វាយបក​​មិនទាន់​ស៊ីចង្វាក់​គ្នា។

នៅក្នុង​បី​ប្រកួត​ចុងក្រោយបង្អស់​ដែល​បាន​ប៉ះ​ក្រុម​នារី​វៀតណាម ក្រុម​កម្ពុជា​សុទ្ធតែ​ត្រូវ​ចាញ់។ ប៉ុន្តែ​ អាច​និយាយ​បាន​ថា នេះ​បណ្ដាល​មក​ពី​ «បទ​ពិសោធន៍​របស់​កម្ពុជា​មាន​តិច​តួច​នៅ​ឡើយ»​ ព្រោះ​ថា ក្រុមបាល់ទាត់​នារី​កម្ពុជា ទើបតែ​ប្រកួត​កម្រិត​ជម្រើសជាតិ​ចាប់ពី​ឆ្នាំ 2018 ប៉ុណ្ណោះ​។

ថ្វីបើ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​​វៀតណាម

ទោះជា​យ៉ាងណាក៏ដោយ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​វិញ្ញាសា​បាល់ទាត់​នារី​របស់​ស៊ី​ហ្គេម​លើក​ទី 32 ដែល​នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង 19 ថ្ងៃទី 12 ឧសភា​នេះ ការ​ទាត់​លើ​ទីលាន​ម្ចាស់ផ្ទះ និង​មាន​អ្នក​គា​ទ្រ​ប្រហែល 30,000 នាក់​ចាំ​ជួយ​លើកទឹកចិត្ត ក្រុមបាល់ទាត់​នារី​កម្ពុជា ទំនង​ជា​អាច​ការពារ​សំណាញ់​ទី​បានល្អ ហើយ​អាច​ពន្យារ​ការប្រកួត​ឱ្យដល់​វគ្គ​ប៉េ​ណាំង​ទី​ម្ដងម្នាក់​ក៏​ថា​បាន៕

Advertisement