គ្រូបង្វឹក Sjafri ​ថា ​U22 ថៃ និង U22 ​វៀតណាម នឹង​ប្រឹង​គេច​ពី​ U22 ឥណ្ឌូណេស៊ី

គ្រូបង្វឹក Indra Sjafri និងក្រុម U22 ឥណ្ឌូណេស៊ី

U22 ថៃ និង U22 វៀតណាម នឹង​ប្រឹងប្រែង​ដើម្បី​នាំមុខគេ​នៅ​ពូ​ល B ក្នុង​បំណង​គេច​ពី U22 ឥណ្ឌូណេស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​របស់​ស៊ី​ហ្គេម​លើក​ទី 32។

«យើង​មិនត្រូវ​ជ្រើសរើស​គូប្រកួត។ វៀតណាម និង​ថៃទេតើ ទើប​ជា​អ្នក​ត្រូវ​គិតគូរ​ថា​តើ​ចង់​ជួប​គូប្រកួត​មួយណា និង​គេច​ពី​គូប្រកួត​មួយណា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ» គ្រូបង្វឹក Indra Sjafri របស់ U22 ឥណ្ឌូណេស៊ី និយាយ​ដូច្នេះ បន្ទាប់ពី​បាន​ផ្ដួល​កម្ពុជា​ក្នុង​លទ្ធផល 2-1 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា។

ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ឥណ្ឌូណេស៊ី បាន​យកឈ្នះ 3-0 លើ​ហ្វ៊ី​លី​ពី​ន, 5-0 លើ​មី​យ៉ាន់​ម៉ា និង 3-0 លើ​ទី​ម័​រ​ខាងកើត ហើយក៏​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆាប់​ជាងគេ​មួយ​ប្រកួត។ នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយ​នៅ​ពូ​ល A គ្រា​ដែលមាន​សំបុត្រ​សម្រាប់​ការប្រកួត​វគ្គ​បន្ត U22 ឥណ្ឌូណេស៊ី ក៏​នៅតែ​ផ្ដួល​កម្ពុជា​ក្នុង​លទ្ធផល 2-1។

(ពីឆ្វេងទៅស្ដាំ) លោក Sumardji អ្នកគ្រប់គ្រងក្រុម, លោក Indra Sjafri ប្រធានក្រុមគ្រូបង្វឹក និង លោក Bima Sakti ជំនួយការប្រធានក្រុមគ្រូបង្វឹករបស់ U22 ឥណ្ឌូណេស៊ី

ដោយសារតែ​ឈរលើ​កំពូល​តារាង A ដូច្នេះ U22 ឥណ្ឌូណេស៊ី​នឹង​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​លេខ​ពីរ​នៅ​ពូ​ល B គឺ U22 ថៃ ឬ U22 វៀតណាម ដែលមាន​សំបុត្រ​ឡើងទៅ​វគ្គ​បន្ត​រួចហើយ។ U22 ថៃ និង U22 វៀតណាម នឹងត្រូវ​ប៉ះគ្នា​នៅ​ម៉ោង 19 យប់​ថ្ងៃទី 11 ឧសភា​នេះ នៅឯ​កីឡដ្ឋាន​ព្រី​នស៍ ដែល​ស្ថិតនៅ​ភូមិ​ឃ្មួញ​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជ​ធាននី​ភ្នំពេញ​ ដើម្បី​ដណ្ដើម​តំណែង​កំពូល​តារាង B។ ឱ្យ​តែមាន​លទ្ធផល​ស្មើ U22 ថៃ នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ពូ​ល B ដោយសារ​មាន 9 ពិន្ទុ ស្មើនឹង U22 វៀតណាម ប៉ុន្តែ​ ថៃ​មាន​គ្រាប់​បាល់​ចំណេញ (+7) ខ្ពស់ជាង​វៀតណាម (+5)។

គ្រូបង្វឹក​ឥណ្ឌូណេស៊ី លោក​ Indra Sjafri ​និយាយថា «ខ្ញុំ​ជឿជាក់ថា កីឡាករ​របស់​យើង​នឹង​លេង​បានល្អ ហើយ​ដណ្ដើមបាន​សំបុត្រ​​ទៅ​ប្រកួត​បន្ត… យើង​បាន​ត្រៀម​សម្រាប់​រាល់​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ …តាំងពី​ថ្ងៃ​ដំបូង​មក​ម្លេះ​»។

Advertisement