គ្រូបង្វឹក Honda ត្រូវ​ចាក​ចេញ​​ពីវិស័យ​​បាល់ទាត់​​នៅ​កម្ពុជា ក្រោយ​ស៊ីហ្គេម​ 2023

លោក Keisuke Honda គិត​ចង់​ត្រលប់​ទៅធ្វើជា​កីឡាករ​វិញ បន្ទាប់ពី​ចាកចេញ​ពី​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ព្រោះ​មិនអាច​ជួយ​ឱ្យ U22 កម្ពុជា ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

«ខ្ញុំ និង Honda នឹងមិន​បន្ត​ដឹកនាំ​ក្រុម​កម្ពុជា​ទៀត​ទេ ក្រោយពី​ស៊ី​ហ្គេម​លើក​ទី 32។ ខ្ញុំ​មិនទាន់​ដឹងថា​ត្រូវធ្វើ​អ្វី។ ប៉ុន្តែ Honda វិញ គ្រោង​នឹង​ត្រលប់​ទៅធ្វើជា​កីឡាករ និង​បន្ត​រៀន​យក​សញ្ញាបត្រ​គ្រូបង្វឹក» គ្រូបង្វឹក Ryu Hirose និយាយ​កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា ក្រោយពី U22 កម្ពុជា បាន​ចាញ់ U22 ឥណ្ឌូណេស៊ី 1-2 ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

លោក Honda កើត​ឆ្នាំ 1986 គឺជា​ខ្សែបម្រើ​ដ៏​លេចធ្លោ​នៃ​វិស័យ​បាល់ទាត់​ជប៉ុន​ក្នុងអំឡុង​ឆ្នាំ 2010-2017 នៅពេល​​ទាត់​ឱ្យ​ក្លឹប CSKA Moscow និង AC Milan។ លោក Honda ចូលមកក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​បច្ចេកទេស​កាលពី​ឆ្នាំ 2018 ពេល​គាត់​នៅ​ជា​កីឡាករ​។ ក្រោយមក លោក Honda ក៏​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពី​ចម្ងាយ ដោយ​សារ​តែ​គាត់​ត្រូវ​នៅ​ទាត់​ឱ្យ​បណ្ដា​ក្លឹប​របស់​អូស្ត្រាលី ប្រេ​ស៊ី​ល ហូ​ឡង់ អា​ស៊ែ​បៃ​ហ្ស​ង់ និង​លី​ទុយ​អា​នី។

ក្រោម​ការដឹកនាំ​របស់​លោក Honda បាល់ទាត់​កម្ពុជា​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2019 ប៉ុន្តែ ត្រូវ​ចាញ់​វៀតណាម 0-4។ ស៊ី​ហ្គេម​បន្ទាប់​នៅ​ហ្វ៊ី​លី​ពី​ន លោក Honda នៅតែ​ដឹកនាំ​ក្រុម​កម្ពុជា​តាម​អន​ឡាញ ខណៈដែល​អ្នកដឹកនាំ​ផ្ទាល់​គឺ Felix Dalmas ជា​គ្រូបង្វឹក​វ័យក្មេង និង​ជា​ជនជាតិ​អា​ហ្ស​ង់​ទីន។

លោក Keisuke Honda បង្ហាញ​ទឹក​មុខ​ក្រៀម​ក្រំ នៅ​ពេល​កម្ពុជា​ត្រូវ​ចាញ់​ឥណ្ឌូណេស៊ី​កាល​ពី​ព្រលប់​ថ្ងៃទី 10 ឧសភា 2023

គ្រូបង្វឹក​ជនជាតិ​ជប៉ុន​របស់​កម្ពុជា បានមក​ដឹកនាំ​ក្រុម​ដោយផ្ទាល់​ចាប់ពី​ឆ្នាំ 2021 បន្ទាប់ពី​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ។ លោក Honda និង​កូនសិស្ស​របស់គាត់​ក៏ត្រូវ​បាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ប៉ុន្តែ អ្នកគាំទ្រ​នៅតែ​ពេញចិត្ត​លោក​ដដែល ដោយ​សង្ឃឹមថា នៅ​ស៊ី​ហ្គេម​លើក​ទី 32 លោក Honda នឹង​ជួយ​ឱ្យ​ក្រុម​កម្ពុជា​បង្ក​បានការ​ភ្ញាក់ផ្អើល​នៅលើ​ទីលាន​ម្ចាស់ផ្ទះ។

ក៏ប៉ុន្តែ ក្ដីសង្ឃឹម​នេះ​មិនបាន​ក្លាយជា​ការពិត​ឡើយ។ បន្ទាប់ពី​ការប្រកួត​បើកឆាក​ដែល​បានឈ្នះ​ទី​ម័​រ​ខាងកើត 4-0 ក្រុម​កម្ពុជា​ក៏ត្រូវ​ទទួលលទ្ធផល 1-1 ពេល​ប៉ះ​ក្រុម​ហ្វ៊ី​លី​ពី​ន មុនពេល​ត្រូវ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា 0-2 និង​ចាញ់​ឥណ្ឌូណេស៊ី 1-2 ហើយក៏​ត្រូវ​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​លកាល​ពី​ថ្ងៃទី 10 ឧសភា 2023។

ថ្លែង​អំពី​បរាជ័យ​របស់​ក្រុម U22 កម្ពុជា នៅក្នុង​ការប្រកួត​ចុងក្រោយ​កាលពី​ព្រលប់​ម្សិលមិញ គ្រូបង្វឹក Hirose យល់ថា «បញ្ហា​របស់​យើង​គឺ​ការប្រើប្រាស់​ឱកាស​មិន​បានល្អ អាច​ដោយសារ​កម្លាំងកាយ បច្ចេកទេស ប៉ុន្តែ​ក៏​អាចដោយ​សារ​​សំណាង​មិនល្អ»៕

Advertisement