តើ​ U22 កម្ពុជា​មាន​សង្ឃឹម​អត់​ ពេល​ប៉ះ U22 ឥណ្ឌូណេស៊ី នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ?

នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ U22 ឥណ្ឌូណេស៊ី។

U22 កម្ពុជា បានចាប់ផ្ដើម​យ៉ាង​ល្អ​នៅ​ស៊ី​ហ្គេម​លើក​នេះ ដោយបាន​ផ្ដួល U22 ទីម័រខាងកើត​ 4-0។ ប៉ុន្តែ ការប្រកួត​ដែលមាន​លទ្ធផល​ស្មើ​ជាមួយ​ហ្វ៊ី​លី​ពី​ន និង​ចាញ់​មី​យ៉ាន់​ម៉ា បាន​រុញច្រាន U22 កម្ពុជា​ឱ្យ​ធ្លាក់​ក្នុងស្ថានភាព​លំបាក។

នៅក្នុង​ជើង​ចុងក្រោយ​របស់​វគ្គ​ចែក​ពូ​ល​នៅ​ក្រុម​ A នា​ព្រលប់​នេះ U22 កម្ពុជា​ត្រូវតែ​ឈ្នះ U22 ឥណ្ឌូណេស៊ី ដើម្បី​បន្ត​ក្ដីសង្ឃឹម​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ បញ្ហា​នៅត្រង់ថា U22 កម្ពុជា​មិនមាន​សិទ្ធិ​សម្រេចនៅ​ទេ​នៅ​ពេល​នេះ​។​ សូម្បីតែ​នៅក្នុង​ករណី​ផ្ដួល​ឥណ្ឌូណេស៊ី​បានសម្រេច ក៏​ U22 កម្ពុជា​ត្រូវ​រង់ចាំ​​មើល​ថា​តើ មី​យ៉ាន់​ម៉ា​បរាជ័យ​នៅក្នុង​ម៉ោង​ដូចគ្នានេះ​ ឬ​អត់​។

ទោះជា​យ៉ាងណាក៏ដោយ ឱកាស​សម្រាប់ U22 កម្ពុជាយកឈ្នះ​លើ U22 ឥណ្ឌូណេស៊ី​ ក៏​ខ្ពស់​គួរសម ព្រោះថា U22 ឥណ្ឌូណេស៊ី​ទំនងជា​នឹង​ប្រើប្រាស់​ក្រុម​កីឡាករ​បម្រុង​ក្នុងពេល​ប៉ះ​កម្ពុជា ដើម្បី​រក្សា​កម្លាំង​របស់​ក្រុម​ជើង​ខ្លាំង​សម្រាប់​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាទី​ដែល U22 ឥណ្ឌូណេស៊ី​ត្រូវ​ប៉ះ U22 ថៃ ឬ U22 វៀតណាម។

តាម​ការគ្រោងទុក​ដំបូង ការប្រកួត​រវាង U22 មី​យ៉ាន់​ម៉ា និង U22 ហ្វ៊ី​លី​ពី​ន នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង 16 ថ្ងៃទី 10 ឧសភា ប៉ុន្តែ គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 32 បាន​ប្ដូរ​កាលវិភាគ​នៃ​ការប្រកួត​នេះ​ពី​ម៉ោង 16 ទៅ​ម៉ោង 19 វិញ។

Advertisement