U-22 បួន​ក្រុម​នៅ​ស៊ីហ្គេម​កម្ពុជា​ «ទាត់បាល់​ចូល​ទី​ខ្លួន​ឯង​ក្នុង​ថ្ងៃ​តែ​មួយ» តើ​ជាកំហុស​របស់​​នរណា​?

កីឡាករវៀតណាម ក្រោយ​ពី​បាន​ទាត់​បាល់​ចូល​ទីខ្លួន​ឯង

ក្នុង​ពីរ​ប្រកួត​នៅ​ពូ​ល B ដែល​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី 04 ឧសភា នៅ​ឯ​ទីលាន​បាល់ទាត់​ព្រី​នស៍​ បាន​កើតមាន​ហេតុការណ៍​កីឡាករ​ទាត់​បាល់​ចូល​ទី​ខ្លួនឯង​ដល់ទៅ​​បួន​លើក ដែល​នេះ​គឺជា​កំណត់ត្រា​មួយ​មិន​ធ្លាប់​កើតឡើង​នៅ​ស៊ី​ហ្គេម នាំឱ្យមាន​ការសង្ស័យថា ផ្ទៃ​ទីលាន​ដែល​ទើបតែ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​នេះ​គឺជា​ដើមហេតុ?

គេហទំព័រ​ព័ត៌មាន​កីឡា​មួយ​របស់​វៀតណាម បានសរសេរថា «បើ​ទោះ​ទើបតែ​ត្រូវបាន​កែលំអ លើកកម្ពស់​គុណភាព ប៉ុន្តែ​ផ្ទៃ​ស្មៅ​លើ​ទីលាន​បាល់ទាត់​ព្រី​ន​ស៍លែង​នៅ​ល្អ​ដូច​ការប្រកួត​បើកឆាក។ នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ ទស្សនិកជន​បាន​ទស្សនា​ទិដ្ឋភាព​កីឡាករ​យក​ជើង​លុប​ក្រហូង​ដី​​លើ​ទីលាន​ប្រកួត។

ពិសេស​នៅត្រង់ចំណុច​ដែល​ត្រូវ​កីឡាករ​ជាន់​ច្រើនជាង​គេ ក្នុងនោះ​មាន​ចំណុច​ខាងមុខ​អ្នកចាំទី​ជាដើម គុណភាព​ផ្ទៃដី និង​ស្មៅ​ត្រូវ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស។

Ilhan Noor ខ្សែការពាររបស់ U-22 សង្ហបុរី «ក្បត់ទីខ្លួនឯង»

សារព័ត៌មាន​វៀតណាម​មួយ​នេះ​បាន​សរសេរ​ការពារ​កីឡាករ​របស់ខ្លួន​ដែល​បាន​ទាត់​បាល់​ចូល​ទី​ខ្លួនឯង​ថា «ពិតជា​ពិបាក​ជឿ កីឡាករ​ដែល​ស្ទាត់ជំនាញ និង​ធ្លាប់​ប្រកួត​នៅ​ស៊ី​ហ្គេម​ពីរ​លើក​​ដូច​ខ្សែបម្រើ Vu Tien Long បែរជា​ទាត់​បាល់​អន់​ដូច្នេះ​នៅខាងមុខ​តំបន់​គ្រោះថ្នាក់ ក្នុង​គ្រា​ដែល​មិនមាន​សម្ពាធ​ខ្លាំង»។

គេហទំព័រ​កីឡា​នេះ​បាន​សរសេរ​ទៀតថា «គេ​អាច​មើលឃើញ​ច្បាស់​បំផុត​គឺ​ការ «ក្បត់​ទី​ខ្លួនឯង» របស់ Ilhan Noor។ ខ្សែការពារ​របស់ U-22 សង្ហ​បុរី​រូបនេះ​ទំនងជា​ចំពប់ជើង ធ្វើឱ្យ​សកម្មភាព​កាត់​ចង្វា​ក់បាល់​ត្រូវ​បាត់បង់​ម្ចាស់ការ»។

23 ក្រុម​ម៉ាឡេស៊ី បែរជា​ត្រូវ​ចាញ់​មួយ​គ្រាប់​វិញ បន្ទាប់ពី​ខ្សែការពារ​ទាត់​ចូល​ទី​ខ្លួនឯង

ប្រការ​ដ៏​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ដូចខាងលើ​បន្ត​កើតឡើង​នៅក្នុង​ការប្រកួត​រវាង U-22 ឡាវ និង U-22 ម៉ាឡេស៊ី។ ថ្វីបើ​រកបាន​មួយ​គ្រាប់​ដំបូង​គេ​នៅ​នាទី​ទី​បួន ប៉ុន្តែ​ដល់​នាទី​ទី 23 ក្រុម​ម៉ាឡេស៊ី បែរជា​ត្រូវ​ចាញ់​មួយ​គ្រាប់​វិញ បន្ទាប់ពី​ខ្សែការពារ​ទាត់​ចូល​ទី​ខ្លួនឯង។ ប៉ុន្មាន​នាទី​ក្រោយមក ដល់​វេន U-22 ឡាវ ទាត់​បាល់​ចូល​ទី​ខ្លួនឯង​វិញ​ម្ដង​ នៅពេល​ខ្សែបម្រើ Najmudin របស់​ម៉ាឡេស៊ី ប្លោង​​បាល់​ចូល​ក្បែរ​តំបន់​គ្រោះថ្នាក់។

U-22 ឡាវ ទាត់បាល់ចូលទីខ្លួនឯង

យោងតាម​សារព័ត៌មាន​ខាងលើ ផ្ទៃ​របស់​វាលស្មៅ​នៅ​ទីលាន​បាល់ទាត់​ព្រី​នស៍ ត្រូវ​ខូចខាត​ច្រើន​ក្រោយពី​មានការ​ប្រកួត​ជា​បន្តបន្ទាប់ ហើយ​គេ​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ។ នេះ​​​អាច​ជាដើម​ហេតុដែល​ធ្វើឱ្យ​កីឡាករ​ទាត់​បាល់​មិនបាន​ល្អ នាំឱ្យមាន​ហេតុការណ៍​ទាត់​ចូល​ទី​ខ្លួនឯង​ច្រើនដង​មិន​ធ្លាប់មាន​ពីមុនមកដូច្នេះ​៕

Advertisement