ក្ដៅ! ក្រុមបាល់ទាត់​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​ជម្រុះ​នៅ​ស៊ី​ហ្គេម​លើក​ទី 32

ក្រុម​បាល់​ទាត់​បុរស U-22 ហ្វ៊ីលីពីន

ក្រុមបាល់ទាត់​មួយក្រុម​ត្រូវ​ហាលអាវ​​ត្រឹម​វគ្គ​ចែក​ពូល​​នៅ​ស៊ី​ហ្គេម​លើក​ទី 32 បន្ទាប់ពី​ទទួលបាន​លទ្ធផល​មិនល្អ​នៅក្នុង​បី​ប្រកួត​ដំបូង​របស់ខ្លួន។

វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ បាន​ឆ្លងកាត់​ជាង​ពាក់កណ្ដាល​ផ្លូវ​របស់​វ​គ្គ​ចែក​ពូ​ល។ ក៏ប៉ុន្តែ ក្នុងដំណាក់កាល​នេះ​មិនទាន់មាន​ក្រុម​ណាមួយ​ដែល​ប្រាកដថា​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅឡើយ។ នៅ​ពូ​ល A បណ្ដា​ក្រុមបាល់ទាត់​បានបញ្ចប់​ការប្រកួត​ជើង​ទី​បី ហើយ​ដំណាក់កាល​ក្ដុកក្ដួល​ក៏បាន​កើតឡើង។

នៅមុន​ការប្រកួត ថ្វី​បើជា​ក្រុម​ដែល​ត្រូវបាន​វាយតម្លៃថា​ល្អ​ជាង​ឆ្ងាយ​ធៀប​នឹង U-22 ទី​ម័​រ​ខាងកើត ប៉ុន្តែ U-22 ហ្វ៊ី​លី​ពី​ន បែរជា​ទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ទៅវិញ។ ការប្រកួត​ចាញ់ U-22 ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល 0-3 ធ្វើឱ្យ U-22 ហ្វ៊ី​លី​ពី​ន​ធ្លាក់​ទៅក្នុង​បាត​តារាង​នៅ​ពូល A ខណៈ​ដណ្ដើមបាន​តែ 1 ​ពិន្ទុ​គត់​ពី​លទ្ធផល 1-1 នៃ​ការ​​ប្រកួត​ជាមួយ U-22 កម្ពុជា។

នៅពេល​មានតែ 1 ពិន្ទុ​ក្រោយ​ការប្រកួត​បី​ជើង​បែបនេះ U-22 ហ្វ៊ី​លី​ពី​ន​ប្រាកដជា​នឹងត្រូវ​ហាលអាវ​ត្រឹមនេះ​នៅ​ស៊ី​ហ្គេម។ 1 ពិន្ទុ​របស់ U-22 ហ្វ៊ី​លី​ពី​ន ត្រូវ​ស្ថិតនៅក្រោម​ក្រុម​នាំមុខគេ​ក្នុង​ពូ​ល A គឺ U-22 ឥណ្ឌូណេស៊ី (5 ពិន្ទុ) និង​ក្រុម​លំដាប់​ទី​ពីរ U-22 កម្ពុជា (4 ពិន្ទុ)។ ប៉ុន្តែ គ្រា​ដែល U-22 ឥណ្ឌូ​ណេ និង U-22 កម្ពុជា​ នៅ​​​សល់​ពីរ​ប្រកួត​ទៀត U-22 ហ្វ៊ី​លី​ពី​ន នៅសល់​តែមួយ​ប្រកួត​​ប៉ុណ្ណោះ។ ការប្រកួត​ចុងក្រោយ​របស់ U-22 ហ្វ៊ី​លី​ពី​ន នឹងត្រូវ​ប៉ះ U-22 មី​យ៉ាន់​ម៉ា ​នៅ​ថ្ងៃទី 10 ឧសភា។

U-22 ហ្វ៊ីលីពីនធ្លាក់ទៅក្នុងបាតតារាងនៅពូល A ខណៈដណ្ដើមបានតែ 1 ពិន្ទុគត់នៅក្នុងការប្រកួតជាមួយ U-22 កម្ពុជា ដែលមានលទ្ធផល 1-1

ចំណែក U-22 កម្ពុជា និង U-22 មី​យ៉ាន់​ម៉ា វិញ នឹងត្រូវ​ប៉ះគ្នា​មួយ​ប្រកួត​ទៀត​ ​នៅ​ថ្ងៃទី 07 ឧសភា។ ក្នុងករណី​លទ្ធផល​ស្មើគ្នា U-22 កម្ពុជា​នឹងមាន 5 ពិន្ទុ ហើយ​ប្រាកដជា​ឈរលើ U-22 ហ្វ៊ី​លី​ពី​ន។ រីឯ U-22 មី​យ៉ាន់​ម៉ា ដែល​​បច្ចុប្បន្ន​មាន 3 ពិន្ទុ​ដែរនោះ បើសិនជា​ឈ្នះ​ម្ចាស់ផ្ទះ​កម្ពុជា ក្រុម​នេះ​នឹងមាន 6 ពិន្ទុ (មិនទាន់​​គិត​ទាំង​ការប្រកួត​ជាមួយ U-22 ហ្វ៊ី​លី​ពី​ន)។

ដូច្នេះ ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន U-22 ហ្វ៊ី​លី​ពី​ន ត្រូវបាន​ជម្រុះ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ត្រឹម​នេះ​ទៅហើយ គ្រាន់តែ​មិនទាន់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ។

ដោយឡែក​នៅក្នុង​ពូ​ល B វិញ U-22 ឡាវ និង U-22 សិង្ហ​បុរី ក៏​ជួប​ការលំបាក​ច្រើន។ ក្រុម​ទាំងពីរ​នេះ​នៅតែ​មិនទាន់មាន 1 ពិន្ទុ ក្រោយពីរ​ប្រកួត​ដំបូង។ ការ​ប្រជែង​ដណ្ដើម​សំបុត្រ​ចំនួន​ពីរ​ដើម្បី​បន្តដំណើរ​របស់​ក្រុម​នៅ​​ពូ​ល B ត្រូវបាន​ព្យាករ​ថា​នឹង​កើតឡើង​យ៉ាង​កកើត​ទីលាន​ប្រកួត​ រវាង​បី​ក្រុម រួមមាន U-22 ថៃ, U-22 វៀតណាម និង U-22 ម៉ាឡេស៊ី៕

Advertisement