ស្រី​ស្អាត​​របស់​ក្រុម​​តៃ​ក្វាន់​ដូ​កម្ពុជា ត្រូវ​គេ​រំពឹង​ថា ​ដណ្ដើមបាន​​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32

កីឡាការិនី​តៃ​ក្វាន់​ដូ​កូនកាត់​កម្ពុជា-អាម៉េរិកាំង របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា កញ្ញា ថិ​ប កា​សាន់​ទ្រី​នី​កូ​ល (Cassandre Nicole Tubbs) មាន​មហិច្ឆតា «ប្ដូរ​ពណ៌» មេដាយ​នៅពេល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

កញ្ញា ថិ​ប កា​សាន់​ទ្រី​នី​កូ​ល ឬ​ហៅ​ក្រៅ​ថា ខេ​ស៊ី (Cassie) កើត​ឆ្នាំ 1999 នៅ​សហរដ្ឋ​អាម៉េរិក។ កញ្ញា ខេ​ស៊ី មាន​ម្ដាយ​ជា​ជនជាតិខ្មែរ និង​ឪពុក​ជា​ជនជាតិ​អាម៉េរិកាំង។ ខេ​ស៊ី ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ 55 គីឡូក្រាម, 59 គីឡូក្រាម និង 62 គីឡូក្រាម។

ខេ​ស៊ី ចូលរួម​ប្រកួត​បាន 31 លើក ក្នុងនោះ បានឈ្នះ 19 លើក ស្មើនឹង 61.3%។ ក្នុង​រូបថត​ខាងក្រោម ខេ​ស៊ី បង្ហាញ​មេដាយ​សំរឹទ្ធ​ប្រភេទ​ទម្ងន់ 62 គីឡូក្រាម ដែល​ដណ្ដើមបាន​នៅក្នុងការ​​ប្រកួត​តេ​ក្វាន់​ដូ​បើកទូលាយ​កូ​ស្តា​រី​កា​ឆ្នាំ 2020។

ឪពុក​របស់ ខេ​ស៊ី លោក Greg Tubbs គឺជា​គ្រូបង្វឹក​របស់​នាង។ បុរស​ជា​អ្នក​គុន​និយម​រូបនេះ​បានចាប់ផ្ដើម​កំណត់​គោលដៅ និង​ជួយ​ឱ្យ ខេ​ស៊ី បាន​ចូលក្នុង​វិស័យ​ក្បាច់គុន​តៃ​ក្វាន់​ដូ​តាំងពី​នាង​មាន​អាយុ 11 ឆ្នាំ។ ក្រោយមក ខេ​ស៊ី ក៏បាន​ជ្រើសរើស​ស្រុកកំណើត​របស់​ម្ដាយ​នាង​ដើម្បី​ចូលរួម​ប្រកួត​ឱ្យ​ក្រុម​តៃ​ក្វាន់​ដូ​ជម្រើសជាតិ​កម្ពុជា។

ខេ​ស៊ី ​​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​បាន​​បី​លើក គឺ​នៅក្នុង​ឆ្នាំ 2017, 2019 និង 2022។ ស៊ី​ហ្គេម​នៅលើ​ទឹកដី​ម៉ាឡេស៊ី ខេ​ស៊ី ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​ទម្ងន់ 57 គីឡូក្រាម។

នៅ​ស៊ី​ហ្គេម 2019 ខេ​ស៊ី ដណ្ដើមបាន​មេដាយប្រាក់​ក្នុង​ប្រភេទ​ទម្ងន់ 62 គីឡូក្រាម។ ស៊ី​ហ្គេម​លើក​ទី 31 ខេ​ស៊ី ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ប្រភេទ​ទម្ងន់ 62 គីឡូក្រាម។

នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើ​ឡើងលើ​ទឹកដី​ស្រុកកំណើតរបស់​ម្ដាយ ខេ​ស៊ី ប្ដេជ្ញា​ដណ្ដើម​ឱ្យបាន​មេដាយ​ល្អ​ជាង​មុន។ នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ក្នុងស្រុក​កាលពី​ថ្ងៃទី 01 មេសា 2023 ខេ​ស៊ី ដណ្ដើមបាន​មេដាយមាស។

វិញ្ញាសា​តៃ​ក្វាន់​ដូ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នឹង​ប្រកួត​ចាប់ពី​ថ្ងៃទី 12 ដល់ 16 ឧសភា 2023។ ពលរដ្ឋ​កម្ពុជា​កំពុង​តែមាន​ក្ដី​សង្ឃឹមលើ​កីឡាការិនី​កូនកាត់​រូបនេះ៕

ខេស៊ី (រូប​ឆ្វេងបង្អស់)

ខេស៊ី និង​មិត្តប្រុស​នៅ​សហរដ្ឋ​អាម៉េរិក

Advertisement