ក្រុមបាល់ទាត់ U-22 ថៃ ត្អូញត្អែរ​ថា ​អាកាសធាតុ​នៅ​កម្ពុជា​បង្ក​ការ​លំបាក​ខ្លាំង

គ្រូបង្វឹក Issara Sritaro របស់​ក្រុមហ៊ុន U-22 ថៃ

បន្ទាប់ពី​​​ឥណ្ឌូណេស៊ី ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 របស់​ប្រទេស​ថៃ ក៏បាន​ត្អូញត្អែរ​អំពី​អាកាសធាតុ ក៏ដូចជា​ការរៀបចំរ​បស់​ម្ចាស់ផ្ទះនៅ​​ស៊ី​ហ្គេម​លើក​ទី 32។

យោងតាម​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) ក្រុមបាល់ទាត់ U-22 ថៃ បានបង្ហាញ​វត្ត​មាននៅ​កម្ពុជា​តាំងពី​ថ្ងៃទី 27 មេសា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម។

ក្នុងការ​ចែករំលែក​ថ្មី​បំផុត​ជាមួយនឹង​អ្នកយកព័ត៌មាន​ថៃ គ្រូបង្វឹក Issara Sritaro របស់​ក្រុម U-22 ថៃ បាន​ត្អូញត្អែរ​អំពី​បញ្ហា​អាកាសធាតុ និង​ការត្រៀម​របស់​ម្ចាស់ផ្ទះ​កម្ពុជា។ លោក Sritaro យល់ថា អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ​កម្ពុជា ធ្វើឱ្យ​កីឡាករ​វ័យក្មេង​របស់​ថៃ ពិបាក​សម្រប​ខ្លួន ពិសេស​​នៅពេលដែល​កាលវិភាគ​នៃ​ការប្រកួត​វគ្គ​ចែក​ពូ​ល​របស់ U-22 ថៃ ភាគច្រើន​ត្រូវធ្វើឡើង​នៅ​ម៉ោង 16 ដែលមាន​សីតុណ្ហភាព​ចន្លោះ​ពី 30 ទៅ 35 អង្សា​សេ។

«គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 32 រៀបចំ​ពេលវេលា​បែប​នោះ​គឺ​មិន​សមស្រប​ជាមួយនឹង​ការប្រកួត​នៅ​ប្រទេស​ថៃ។ បើ​ទោះ​កីឡាករ​តែងតែ​ហ្វឹកហាត់​នៅ​ម៉ោង​បួន​រសៀល ប៉ុន្តែ​ការហ្វឹកហាត់ និង​ការប្រកួត​ជាក់ស្ដែង​មិន​ដូចគ្នា។ ជាង​នេះ ក្នុងអំឡុង​ពេលនោះ អាកាសធាតុ​នៅ​កម្ពុជា​ក៏​ក្ដៅ​ខ្លាំង​ជាង​ធម្មតា» មេដឹកនាំ U-22 ថៃ ត្អូញ​ដូច្នេះ។

ក្រុមបាល់ទាត់ U-22 ថៃ ត្រូវទាត់នៅម៉ោងក្ដៅច្រើនជាងគេបង្អស់ក្នុងវគ្គចែកពូលនៅស៊ីហ្គេមលើកទី 32

មុន​នោះ ក្រុម U-22 ឥណ្ឌូណេស៊ី​ក៏​ធ្លាប់បាន​ត្អូញត្អែរ​អំពី​អាកាសធាតុ​នៅ​កម្ពុជា​ថា «ក្ដៅ​ដូច​គេ​ដុត»។ ប៉ុន្តែ ភ្លាមៗនោះ ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Arya Sinulingga បាន​ចេញមក​កែតម្រូវ និង​ស្នើឱ្យ​កីឡាករ​របស់​ប្រទេស​នេះ​ពិនិត្យមើល​ឥរិយាបថ ដោយ​ការ​ប្រកាសថា «យើង​ដូច​គេ គេ​ក៏​ដូច​យើង»។

នៅក្នុង​កាលវិភាគ​នៃ​ការប្រកួត​វគ្គ​ចែក​ពូ​ល U-22 ថៃ ត្រូវបាន​កំណត់ឱ្យ​ទាត់​បី​ប្រកួត​នៅក្នុង​ម៉ោង 16 ល្ងាច និង​មួយ​ប្រកួត​ចុងក្រោយ​នៅ​ម៉ោង 19 ព្រលប់។ វៀតណាម​ត្រូវ​ប្រកួត​នៅ​ម៉ោង 16 មួយ​ប្រកួត និង​បី​ប្រកួត​ទៀត​នៅ​ម៉ោង 19។ ម៉ាឡេស៊ី ហ្វ៊ី​លី​ពី​ន និង​ឡាវ មាន​ពីរ​ប្រកួត​នៅវេលា​ម៉ោង 16 និង​ពីរ​ប្រកួត​នៅ​ម៉ោង 19។ ចំណែក​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា យ៉ាងណា​ក៏ត្រូវ​តែ​បាន​ប្រកួត​នៅ​ម៉ោង «ល្អ»។

ថ្វីបើ​មិន​ពេញ​ចិត្តនឹង​កាលវិភាគ​នៃ​ការប្រកួត​នៅ​វគ្គ​ចែក​ពូ​ល ប៉ុន្តែ គ្រូបង្វឹក​របស់​ក្រុម​ថៃ​នៅតែ​អះអាងថា កូនសិស្ស​របស់លោក​នឹង​អាច​សម្រប​ខ្លួន​បាន ហើយ​ថ្នាក់ដឹកនាំ​នឹង​ប្រឹងប្រែង​ជួយ​ដល់​កីឡាករ​ដោយ​យកចិត្តទុកដាក់​បំផុត៕

Advertisement