ក្រោយ​ពី​រៀន​ចប់​​នៅ​​វៀតណាម «នារី​​គុននិយម» ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ នឹងដណ្ដើម​មេដាយ​​នៅស៊ីហ្គេម​

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៅ​​ប្រទេស​វៀតណាម កីឡាការិនី​កម្ពុជា ឈឿង លីណា ក៏​បាន​ត្រលប់​មក​ស្រុក​កំណើត​​ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ​​​ផ្នែក​ក្បាច់គុន​​តៃក្វាន់ដូ​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​ (ស៊ីហ្គេម) លើក​ទី 32​។

ឈឿង លីណា អាយុ​ 28 ឆ្នាំ​ ធ្លាប់​បាន​ចូលរួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 27 នៅ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ 2013 និង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​។ ក្រោយ​ពី​បាន​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 29 ឈឿង លីណា

​ក៏​បាន​ឈប់​ប្រកួត​ដើម្បី​ផ្ដោត​លើ​ការ​សិក្សា​។ ក្រៅ​ពី​ស៊ីហ្គេម ស្រីស្អាត​ ឈឿង លីណា ​ក៏​ធ្លាប់ចូលរួមការប្រកួតកម្រិតពិភពលោក នៅប្រទេសកូរ៉េផងដែរ។

នៅលើ​ទំព័រ​បណ្ដាញ​សង្គម កាល​ពី​ម្សិលមិញ ឈឿង លីណា បាន​សរសេរ​ថា «ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សំរាប់​ការ​ប្រកួត​ប្រជែង​ សង្ឃឹម​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​សំរាប់​ប្រទេស​ជាតិ​របស់​ខ្ញុំ»។

ឈឿង លីណា បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​វៀតណាម​។ នាង​បាន​រស់​នៅ​ និង​សិក្សា​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ) រយៈ​ពេល​ប្រាំ​ឆ្នាំ​។ នាង​បាន​ត្រលប់​មក​ហ្វឹក​ហាត់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ និង​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 32 ដែល​នៅ​ទី​នេះ​ ឈឿង លីណា បាន​ចាត់​ទុក​ថា ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​កម្ពុជា​។

Advertisement