ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ថា ​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើឱ្យ​ការប្រកួត​បើកឆាក​របស់ U-22 វៀតណាម ច្របូកច្របល់

ដំណើរ​មក​ដល់​របស់​បណ្ដា​ប្រតិភូ​កីឡា​

អ្នកគាំទ្រ​ជាច្រើន​របស់​ក្រុមបាល់ទាត់​វៀតណាម​ជួប​ការលំបាក​ក្នុងការ​មក​លើកទឹកចិត្ត​ដល់​កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​វៀតណាម​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​របស់​វៀតណាម។

គេហទំព័រ​កីឡា​មួយ​របស់​វៀតណាម បានសរសេរថា ការលក់​សំបុត្រ​ដោយ​មិន​យក​ថ្លៃ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​សម្រាប់​ស៊ី​ហ្គេម​លើក​នេះ ធ្វើឱ្យ​ការងារ​បោះពុម្ព និង​ការបែងចែក​សំបុត្រ​ចូល​ទស្សនា​មានការ​យឺត​យ៉ាវ។

«U-22 វៀតណាម និង U-22 ឡាវ នឹង​ត្រូវ​ប្រកួត​បើកឆាក​របស់ខ្លួន​នៅវេលា​ម៉ោង 19 ថ្ងៃទី 30 មេសា​ខាងមុខ ប៉ុន្តែមកដល់​បច្ចុប្បន្ន គម្រោង​ចែក​សំបុត្រ​ចូល​ទស្សនា​នៅតែ​មិនទាន់​ត្រូវបាន​ម្ចាស់ផ្ទះ​កម្ពុជា​ប្រកាស​ជា​ផ្លូវការ» សារព័ត៌មាន​វៀតណាម​សរសេរ​ដូច្នេះ។

ក្រុម​ U-22 វៀតណាម​នៅ​កម្ពុជា

តំណាង​គណៈកម្មការ​អូឡាំពិក​វៀតណាម ឱ្យដឹងថា បាន​សាកសួរ​ភាគី​កម្ពុជា​អំពី​ផែនការ​បែងចែក​សំបុត្រ​អញ្ជើញ ពិសេស​សម្រាប់​អ្នក​គាំទ្រ​​បាល់ទាត់។ ចំណែក​សហព័ន្ធ​បាល់ទាត់​វៀតណាម (VFF) វិញ និយាយថា មិនទាន់​ទទួលបាន​សេចក្ដីជូនដំណឹង​ជាក់លាក់​ណាមួយ​ស្ដីពី​រឿង​​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​​នៅ​ថ្ងៃទី 29 មេសា រវាង​វៀតណាម និង​ឡាវ​នៅ​ឡើយ​។

កម្មវិធី​ទូរស័ព្ទ​បែងចែក​សំបុត្រ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ទើបតែ​បង្ហាញ​សំបុត្រ​សម្រាប់​ការប្រកួត​នៅ​ពូ​ល A របស់ U-22 ឥណ្ឌូណេស៊ី vs U-22 ហ្វ៊ី​លី​ពី​ន និង U-22 កម្ពុជា vs U-22 ទី​ម័​រ​ខាងកើត

យោងតាម​សារព័ត៌មាន​វៀតណាម ប្រការនេះ​ធ្វើឱ្យ​អ្នកគាំទ្រ​វៀតណាម​ដែលមាន​ផែនការ​មក​កម្ពុជា​លើកទឹកចិត្ត​ដល់​កីឡាករ​របស់​ពួកគេ ត្រូវ​ជួប​ការលំបាក។ កម្មវិធី​ទូរស័ព្ទ​បែងចែក​សំបុត្រ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ក៏​ទើបតែ​បង្ហាញ​សំបុត្រ​សម្រាប់​ការប្រកួត​ចំនួន​ពីរ​នៅ​ពូ​ល A គឺ U-22 ឥណ្ឌូណេស៊ី vs U-22 ហ្វ៊ី​លី​ពី​ន និង U-22 កម្ពុជា vs U-22 ទី​ម័​រ​ខាងកើត។

Advertisement