Ronaldo ជិត​មានឱកាស​បំបែក​កំណត់ត្រា​ស្ដីពី​ចំនួន​ប្រកួត​លក្ខណៈ​អន្តរជាតិ

Ronaldo ទាត់​បាល់​ពិន័យ​ប៉េណាំងទី នៅ FIFA World Cup Qatar 2022

(ព័រទុយហ្កាល់) – Cristiano Ronaldo នឹង​ក្ដោប​ក្ដាប់​តំណែង​កីឡាករ​ដែល​ប្រកួត​លក្ខណៈ​អន្តរជាតិ​បាន​​ច្រើនជាងគេ​បំផុត បើសិន​ទាត់​ឱ្យ​ព័រទុយហ្កាល់​ក្នុង​ប្រកួត​ដំបូងនៅ​វគ្គ​ជម្រុះ Euro 2024 នា​ថ្ងៃនេះ។

Ronaldo លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​បាន 196 ប្រកួត។ ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ​រូបនេះ និង​កីឡាករ​ជម្រើសជាតិ​កូ​វ៉ែត Badr Al-Mutawa គឺជា​កីឡាករ​ដែល​បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ​ច្រើនជាងគេ​បំផុត។ បើសិនជា​បាន​ចូលរួម​លេង​ក្នុងការ​ប្រកួត​រវាង​ព័រទុយហ្កាល់ និង លិច​តិ​ន​ស្តា​ញ (Liechtenstein) នៅ​ថ្ងៃទី 23 មីនា​នេះ Ronaldo នឹង​បំបែក​កំណត់ត្រា​ស្ដីពី «កីឡាករ​ប្រកួត​លក្ខណៈ​អន្តរជាតិ​បាន​ច្រើនជាងគេ​បំផុត»។

ការ​ប៉ះ​នឹង​លិច​តិ​ន​ស្តា​ញ​ក៏​ជាការ​ប្រកួត​ដំបូង​របស់​ព័រទុយហ្កាល់​នៅ​វគ្គ​ជម្រុះ Euro 2024។ បី​ថ្ងៃ​ក្រោយមកទៀត ក្នុង​ជើង​ទី​ពីរ ព័រទុយហ្កាល់​នឹងធ្វើ​ជា​ភ្ញៀវ​នៅលើ​វាលស្មៅ​របស់​គូប្រកួត​លំដាប់ «ល្អិត» មួយ​ផ្សេងទៀត គឺ លុច​សំបួ។

 

Ronaldo បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​កាលពី​អាយុ 18 ឆ្នាំ នៅពេល​ចូល​ទាត់​ជំនួស Luis Figo ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​របស់​កា​ហ្សា​ក់​ស្ថាន។ ក្នុងការ​ប្រកួត​លើក​ទី 8 ដែល​ប៉ះ​នឹង​ក្រិ​ក Ronaldo ស៊ុត​បញ្ចូល​ទី​ជា​លើកដំបូង​សម្រាប់​​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។

កាលពី​ខែកញ្ញា 2022 បន្ទាប់ពី​​ស៊ុត​បញ្ចូល​ទី​របស់​អៀរ​ឡង់​បាន​ពីរ​គ្រាប់ Ronaldo ក៏បាន​យកឈ្នះ​លើ Ali Daei ដើម្បី​ក្លាយជា​កីឡាករ​ដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​បំផុត​លើ​ឆាក​អន្តរជាតិ។ CR7 កំពុង​កាន់កាប់ 118 គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង 109 គ្រាប់​របស់ Ali Daei ​អតីត​ខ្សែប្រយុទ្ធ​របស់​អ៊ីរ៉ាក់។

Al-Mutawa ​បង្កើតបាន​កំណត់ត្រា 196 ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅក្នុង​ការប្រកួត​ដែល​កូ​វ៉ែត​ចាញ់​ហ្ស៊​កដា​នី 0-3 នៅ​វគ្គ​ជម្រុះ Asian Cup 2023 កាលពី​ខែមិថុនា 2022។ ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូបនេះ រកបាន 56 គ្រាប់​ជូន​ក្រុម​ជម្រើសជាតិ​កូ​វ៉ែត។

ត្រលប់​មកកាន់​រឿង Ronaldo វិញ គ្រូបង្វឹក Roberto Martinez របស់​ព័រទុយហ្កាល់ នៅតែ​ចាត់ទុក Ronaldo ថា​ជា​ផ្នែក​មួយ​នៃ​គម្រោង​ឆ្ពោះទៅកាន់ Euro 2024 និង World Cup 2026។ ប្រការនេះ​មានន័យថា CR7 មានឱកាស​បំបែក​កំណត់ត្រា​ខាងលើ។ កាលពី​ថ្ងៃទី 20 មីនា 2023 Ronaldo ក៏បាន​ត្រលប់​ទៅកាន់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ហើយ​ដែរ៕

Advertisement