ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅតែ​ហៅ Ronaldo ឱ្យ​ចូលរួម​ប្រកួត​នៅ Euro 2024! ហេតុអ្វី?

គ្រូបង្វឹក Roberto Martinez របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់ និង​ Ronaldo

គ្រូបង្វឹក Roberto Martinez លើកតម្កើង​បទពិសោធន៍ និង​ភាព​អត់ធ្មត់​របស់ Cristiano Ronaldo នៅពេល​ហៅ​ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំនេះ មកកាន់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ដើម្បី​ចូលរួម​ប្រកួត​នៅ​វគ្គ​ជម្រុះ Euro 2024។

«Ronaldo ពិតជា​ប្រឹងប្រែង​ដើម្បី​ក្រុម​ជម្រើសជាតិ។ គាត់​នាំមក​នូវ​បទពិសោធន៍ និង​ជា​កត្តា​សំខាន់​នៅក្នុង​ក្រុម» Martinez និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី 17 មីនា នៅក្នុង​សន្និសីទ​សារព័ត៌មានស្ដី​ពី​ការ​​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ 26 នាក់​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប័​រ​ទុយ​ហ្កា​ល់។ «ខ្ញុំ​មិន​សម្លឹងមើល​ទៅលើ​អាយុ ឬ​ផ្នែក​ដទៃ។ ខ្ញុំ​គិតថា Ronaldo អាចជួយ​ដល់​ក្រុម​ជម្រើសជាតិ​តាមរយៈ​ការផ្ទេរ​បទពិសោធន៍​ឱ្យ​មិត្ត​រួម​ក្រុម។ នេះ​គឺជា​ជំហាន​ដ៏​សំខាន់ យើង​ចង់​បង្កើតឱ្យមាន​ក្រុម​ប្រកួត និង​ដណ្ដើម​ជ័យជម្នះ»។

នៅ World Cup 2022 Ronaldo ទាត់​ក្នុងនាម​​ជា​កីឡាករ​ជម្រើស​ដំបូង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ប៉ុន្តែ​ត្រូវ​គ្រូបង្វឹក​ដាក់ឱ្យ​នៅ​ជា​កីឡាករ​បម្រុង​វិញនៅក្នុង​ពីរ​ប្រកួត​នៃ​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out) ជាទី​ដែល​ព័រទុយហ្កាល់​ចាញ់​ម៉ា​រ៉ុ​ក​ក្នុង​វគ្គ ¼។ ក្រោយ​ការប្រកួត​នេះ CR7 យំ និង​មិនបាន​និយាយ​ដល់​លទ្ធភាព​បន្ត​រួម​ដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។

Martinez បាន​ចូលរួម​ទស្សនាការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ Saudi All Star XI (ក្លឹប​របស់ Ronaldo) និង PSG កាលពី​ព្រលប់​ថ្ងៃទី 19 មករា។ ក្រោយ​ការប្រកួត​នេះ លោក Martinez និង Ronaldo ត្រូវបាន​គេ​ជឿថា បាន​ពិភាក្សាគ្នា​អំពី​អនាគត​របស់ CR7 នៅក្នុង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ ចាប់តាំងពី​បាន​ទៅ​ទាត់​ឱ្យ​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី World Cup 2022 កំពូល​កីឡាករ Ronaldo ស៊ុត​បញ្ចូល​ទី​បាន 8 គ្រាប់​នៅក្នុង 9 ប្រកួត។

បញ្ជី​ឈ្មោះ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់​មាន​កីឡាករ​ជាច្រើនរូប​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ World Cup 2022 រួមមាន Joao Cancelo, Ruben Dias, Bernardo Silva, Bruno Fernandes, Joao Felix និង Rafael Leao ជាដើម។ កីឡាករ Goncalo Ramos ដែល​រកបាន hat-trick (បី​គ្រាប់​ក្នុង​មួយ​ប្រកួត) ក្នុងការ​ប្រកួត​ឈ្នះ​ស្វ៊ី​ស 6-1 នៅ​វគ្គ 1/8 របស់ World Cup 2022 ក៏មាន​វត្តមាន​ក្នុង​បញ្ជី​នេះ។

និយាយ​អំពី​លោក Martinez វិញ មុនពេល​មក​ដឹកនាំ​ក្រុម​ព័រទុយហ្កាល់ លោក​ធ្លាប់ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​បែ​ស​ហ្ស៊ិ​ក​ចាប់ពី​ឆ្នាំ 2016 ដល់ 2022។ ស​មិ​ត្ថ​ផល​ល្អ​បំផុត​របស់លោក​សម្រាប់​បែលហ្ស៊ិក​គឺ​មេដាយ​សំរឹទ្ធ World Cup 2018 និង​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​បញ្ជី​របស់ FIFA ចាប់ពី​ខែតុលា 2018 ដល់​ខែកុម្ភៈ 2022។ គ្រូបង្វឹក​វ័យ 49 រូបនេះ​បាន​លាលែង​ពី​តំណែង​នៅពេល​បែលហ្ស៊ិក​ត្រូវបាន​ជម្រុះ​ចេញពី​វគ្គ​សន្សំ​ពិន្ទុ​របស់ World Cup 2022៕

Advertisement