ស្ដេច​កម្ទេច​សំណាញ់​ទី AFF Cup 2022 ត្រូវបាន​ដក​ពី​ក្រុម​ជម្រើសជាតិ​ថៃ

Teerasil Dangda គឺជាស្ដេចកម្ទេចសំណាញ់ទីរបស់ AFF Cup 2022

គ្រូបង្វឹក Mano Polking ថ្មីៗនេះ​បានជ្រើសរើស​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ​ថៃ​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ក្នុង​រដូវ FIFA Days នៅ​ខែមីនា​នេះ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់​ដើមកំណើត​ប្រេ​ស៊ី​ល​រូបនេះ​បាន​ដកហូត​កីឡាករ​ជាច្រើន​នាក់​ដែល​ធ្លាប់ជា​ជើងឯក AFF Cup 2022។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ បានសម្រេច​ជ្រើសរើស​កីឡាករ​ចំនួន 25 នាក់​ដើម្បី​ត្រៀមខ្លួន​ទៅ​ចូលរួម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែមីនា​នេះ ក្នុងនោះ គ្រួ​បង្វឹក Mano Polking បាន​ជ្រើស​យក​កីឡាករ​ដែល​ធ្លាប់​ចូលរួម AFF Cup 2022 ត្រឹមតែ 9 នាក់​ប៉ុណ្ណោះ។

ចំណែក​កីឡាករ​បង្គោល​ចំនួន​ពីររូប​របស់​ក្រុម​ជម្រើសជាតិ​ថៃ គឺ​ខ្សែប្រយុទ្ធ Teerasil Dangda និង​ខ្សែបម្រើ Sarach Yuyen សុទ្ធតែ​មិនត្រូវ​បានជ្រើសរើស។ Teerasil Dangda គឺជា​ស្ដេច​កម្ទេច​សំណាញ់​ទី​របស់ AFF Cup 2022។

ក្រៅពីនេះ បញ្ជី​​ខាងលើ​ក៏មាន​ឈ្មោះ Chanathip Songkransin បើ​ទោះ «Messi ថៃ» រូបនេះ​ហាក់​មិនមាន​សកម្មភាព​លេចធ្លោ​នៅ​ជប៉ុន។ Chanathip Songkransin បច្ចុប្បន្ន​ទាត់​ឱ្យ​ក្លឹប Kawasaki Frontale របស់​ជប៉ុន និង​ជា​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​របស់​ថៃ។

Theerathon Bunmathan (លេខ 3) នៅ​តែ​ជា​ប្រធាន​ក្រុម​របស់​ដំរីប្រយុទ្ធ​របស់​ថៃ

គ្រូបង្វឹក Poking ឱ្យដឹងថា «…ខ្ញុំ​តែងតែ​ចង់​ជ្រើសរើស​កីឡាករ​ល្អ​បំផុត មិន​ត្រឹមតែ​ដោយសារ​កេរ្តិ៍ឈ្មោះ ឬ​សមត្ថភាព​នោះទេ តែ​គឺ​យោងទៅលើ​ស្ថាន​ភាព​កម្លាំងកាយ​របស់​ពួកគេ»។

យោងតាម​កាលបរិច្ឆេទ ក្រុម​ជម្រើសជាតិ​ថៃ​នឹង​ប៉ះ​ក្រុម​របស់​​ស៊ី​រី ដែលជា​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ 90 លើ​ពិភពលោក នៅ​ថ្ងៃ​សៅរ៍ ទី 25 មីនា​លើ​ទីលាន​របស់​កីឡដ្ឋាន Shabab Al Ahli (ឌូ​បៃ, អេ​មី​រ៉ា​ត​អារ៉ាប់​រួម-UAE)។ ក្រោយមក​ក្រុម​ថៃ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​របស់ UAE ក្នុង​​កីឡដ្ឋាន Al Nahyan (អា​ប៊ុ​យ​ដា​ប៊ី) នៅ​ថ្ងៃទី 28 មីនា 2023៕

Advertisement