ក្លឹប​បាល់ទាត់​​អា​រ៉ា​ប៊ី​សា​អូឌីត ស្នើឱ្យ Messi ចុះ​កិច្ចព្រមព្រៀង​តម្លៃ​ស្មើនឹង Ronaldo

(អា​រ៉ា​ប៊ី​សា​អូឌីត) – ក្លឹប Al Hilal អញ្ជើញ Lionel Messi ចុះ​កិច្ចព្រមព្រៀង​តម្លៃ 240 លាន​ដុល្លារ​អាម៉េរិក ដូច​ទៅនឹង​ប្រាក់បៀវត្សរ៍​សម្រាប់ Cristiano Ronaldo ពេល​មក​ទាត់​ឱ្យ Al Nassr។

កាលពី​ថ្ងៃទី 14 មីនា ឪ​ពុក និង​ជា​តំណាង​របស់ Messi លោក Jorge Messi បាន​ទៅដល់​សណ្ឋាគារ​ទំនើប​មួយ​នៅ​រាជធានី​រី​យ៉ា​ដ ប្រទេស​អារ៉ាប៊ីសាអូឌីត​ រួម​នឹង​មនុស្ស​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​គេ​ជឿថា​ជា​សមាជិក​រាជវាំង​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទស្សនាវដ្ដី Forbes ឥរិយាបថ​នេះ​ធ្វើឱ្យមាន​ដំណឹង​ចចាមអារ៉ាម​ទាក់ទង​នឹង​រឿង Messi រើ​មកកាន់​អា​រ៉ា​ប៊ី​សា​អូឌីត បើទោះជា​ដំណើរ​របស់​ឪពុក​កីឡាករ Messi មាន​គោលដៅ​ពាណិជ្ជកម្ម។ កំពូល​តារាបាល់ទាត់រ​បស់​ក្លឹប​បារាំង PSG បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើជា​ឯកអគ្គរាជទូត​ទេសចរណ៍​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ត្រូវ​មក​ធ្វើ​ទស្សនកិច្ច​អាស៊ី​នៅក្នុង​ពេលខាងមុខ។

កាលពី​ខែមករា 2023 ទីភ្នាក់ងារសារព័ត៌មាន​អេ​ស្ប៉ា​ញ Mundo Deportivo បាន​រាយការណ៍​ថា ក្លឹប​មួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ត្រៀម​ផ្ញើ​សំណើ​ដែលមាន​តម្លៃ 350 លាន​ដុល្លារ​អាម៉េរិក​ទៅឱ្យ Messi។ មន្ត្រី​ជំនិត​របស់​មហា​ក្ប​ត្រ​កាតា Nasser Al-Attiyah ថែមទាំង​បាន​អះអាងថា ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ នឹង​មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត លេង​ឱ្យ​ក្លឹប Al Hilal ចាប់ពី​រដូវក្ដៅ​ឆ្នាំ 2023។

មកដល់​ថ្ងៃទី 15 មីនា ទំព័រ Marca បានឱ្យដឹងថា ក្លឹប Al Hilal បាន​ត្រៀម​រួចរាល់​ក្នុង «ការពិនិត្យ​មើល​ការសម្រេចចិត្ត​របស់ Messi» ដោយ​ការអញ្ជើញ M10 ចុះ​កិច្ចព្រមព្រៀង​ដូច​ទៅនឹង​អ្វីដែល Ronaldo បានធ្វើ​ជាមួយ​ក្លឹប Al Nassr។ ប្រការនេះ​មានន័យថា Messi នឹងមាន​ប្រាក់បៀវត្សរ៍ 240 លាន​ដុល្លារ​អាម៉េរិក/រដូវ​កាល ដែល​រួមមាន ប្រាក់បៀវត្ស​រ៍គោល ប្រាក់រង្វាន់​នានា និង​ក្លាយជា​និមិត្តរូប​តំណាងឱ្យ​មហិច្ឆតា​ក្នុង​វិស័យ​បាល់ទាត់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត។

ក្លឹប​ Al Hilal ឈ្នះពានរង្វាន់​ជើង​ឯក​អាស៊ី 2021 (2021 Asian Champions League) បន្ទាប់​ពី​បាន​យក​ឈ្នះ​ Pohang Steelers របស់​កូរ៉េខាងត្បូង​ 2-0 នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅរាជធានី​រីយ៉ាដ

Al Hilal គឺជា​ក្លឹប​បាល់ទាត់​ដែលមាន​សមិទ្ធផល​ច្រើនជាងគេ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​ដណ្ដើមបាន​ពាន​សរុប 65 ពាន ក្នុងនោះ​មានពាន​ជើងឯក 18 លើក​នៅ Saudi League និង​ជើងឯក AFC Champions League ចំនួន​បួន​លើក។

ការ​មាន​ទាំង Messi មាន​ទាំង Ronaldo នឹងធ្វើ​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​កាន់​តែមាន​ឥទ្ធិពល​​ទៅ​លើ​មហិច្ឆតា​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់ World Cup 2030។ ក៏ប៉ុន្តែ អា​ហ្ស​ង់​ទីន​ក៏​កំពុង​ប្រឹងប្រែង​ដើម្បី​ដណ្ដើម​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​ជាមួយ​អ៊ុយ​រូ​ហ្កា​យ ប៉ា​រ៉ា​ហ្កា​យ និង​ស៊ី​លីផងដែរ​។

កិច្ចសន្យា​រវាង​ក្លឹប PSG និង Messi នឹង​អស់​សុពលភាព​ត្រឹម​ខែមិថុនា 2023 ក្នុងនោះ Messi មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្តថា​តើ​គួរ​ពន្យារ​សុពលភាព​មួយឆ្នាំ​ថែមទៀត ឬ​អត់។

ទំព័រ​ Marca បាន​រាយការណ៍​ថា Messi ចង់​ពន្យារ​សុពលភាព ប៉ុន្តែ​ការចរចា​ជាមួយក្លឹប​ PSG «មិន​ងាយ​ដូច​កាលពីមុន World Cup 2022»៕

Advertisement