ដើម្បី​ត្រៀម​ទៅ​ប្រកួត​នៅ World Cup ក្រុម U-20 ឥណ្ឌូណេស៊ី​ «​ផ្ដល់​សញ្ជាតិ​» ដល់​កីឡាករ​​អឺរ៉ុប​ច្រើន​នាក់

គ្រូបង្វឹកជនជាតិ​កូរ៉េខាងត្បូង លោក Shin Tae-yong របស់ឥណ្ឌូណេស៊ី

ក្រុមបាល់ទាត់​ជម្រើសជាតិ​បុរស​អាយុ​ក្រោម​ម្ភៃ​ឆ្នាំរបស់​ប្រទេស​ឥណ្ឌូណេស៊ី (U-20 ឥណ្ឌូណេស៊ី) កំពុងតែ​ត្រៀម​សម្រាប់​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បាល់ទាត់​អឺរ៉ុប​ចំនួន​បី​រូប ក្នុង​បំណង​ពង្រឹងកម្លាំង​សម្រាប់​ទៅ​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​បាល់​ទាត់ U-20 World Cup 2023។

U-20 ឥណ្ឌូណេស៊ី មិនបាន​​ឡើងទៅ​កាន់​វ​គ្គ ¼ នៅឯ​ពានរង្វាន់ U-20 អាស៊ី បន្ទាប់ពី​ត្រូវ​ចាញ់ U-20 អ៊ីរ៉ាក់, ឈ្នះ U-20 ស៊ី​រី និង​ស្មើ U-20 អ៊ូ​ស​បេ​គី​ស្ថានកាល​ពី​ពេល​ថ្មី​ៗ​នេះ។

ថ្វីបើ​មិន​ស្ថិតក្នុង​ចំណោម​បួន​ក្រុម​ដែល​ខ្លាំង​បំផុតប្រចាំ​តំបន់​អាស៊ី​ តែ U-20 ឥណ្ឌូណេស៊ី នៅតែ​មាន​សិទ្ធ​​រួម​ដំណើរ​ជាមួយ​ក្រុម​កូរ៉េខាងត្បូង, ជប៉ុន អ៊ីរ៉ាក់ និង​អ៊ូ​ស​បេ​គី​ស្ថាន ឡើងទៅ​ប្រកួត​នៅ​ដណ្ដើម​ពាន់​រង្វាន់​ U-20 World Cup 2023 ព្រោះតែ U-20 ឥណ្ឌូណេស៊ី​គឺជា​ក្រុម​ម្ចាស់ផ្ទះ។

ថ្មីៗនេះ កូនសិស្ស និង​គ្រូបង្វឹក Shin Tae-yong របស់​ U-20 ឥណ្ឌូណេស៊ី​ បានទទួល​ភារកិច្ច​ក្នុង​ការ​​ឆ្លង​ឱ្យ​ផុត​វគ្គ​សន្សំ​ពិន្ទុ​នៅ U-20 World Cup 2023 ដែល​នឹង​ធ្វើឡើង​នាពេលខាងមុខ។ ដើម្បី​សម្រេចបាន​ភារកិច្ច​នេះ ឥណ្ឌូណេស៊ី​កំពុង​ប្រឹងប្រែង​រៀង​ចំ​​​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បី​រូប​ដែល​កំពុង​លេង​នៅ​អឺរ៉ុប រួមមាន Justin Hubner, Ivar Jenner និង Raphael Struick។

ខាងលើនេះ​សុទ្ធតែជា​កីឡាករ​ដែលមាន​ជំនាញ​ប្រកបដោយ​សក្ដានុពល និង​កំពុង​លេង​ឱ្យ​ក្លឹប​នានា​នៅ​អង់គ្លេស និង​ហូ​ឡង់។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី លោក Erick Thohir ថ្លែងថា «អំពី​ការផ្ដល់​សញ្ជាតិ គ្រប់យ៉ាង​កំពុង​ដំណើរ​ការ​ទៅតាម​ផែនការ​ដែល​បានកំណត់»៕

Advertisement