ប្រធានធនាគារអ៊ីស្លាមកាតា ទទួលបានការគាំទ្របន្ថែមពី Bank of America នៅក្នុងការដណ្ដើមទិញក្លឹបបាល់ទាត់ Manchester United។
យោងតាម Bloomberg ធនាគារ Bank of America ត្រូវបានជ្រើសរើសជាស្ថាប័នគាំទ្រ ទីប្រឹក្សារបស់លោក Sheikh Jassim Bin Hamad Al Thani ជាអ្នកវិនិយោគដែលបានស្នើទិញក្លឹប Man United កាលពីពេលថ្មីៗនេះ។
លោក Sheikh Jassim Bin Hamad Al Thani គឺជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតា Hamad bin Jassim bin Jaber Al Thani។ តំណាងអ្នកនាំពាក្យរបស់លោក Sheikh Jassim Bin Hamad Al Thani បានបញ្ជាក់អំពីការជ្រើសរើស Bank of America ធ្វើជាទីប្រឹក្សា គាំទ្រដល់លោក Sheikh Jassim ក្នុងការទិញដូរខាងលើ។
លោក Sheikh Jassim បច្ចុប្បន្នជាប្រធានធនាគារអ៊ីស្លាមកាតា និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ Credit Suisse Group AG។ មុននេះ លោក Sheikh Jassim បានស្នើទិញក្លឹប MU ក្នុងតម្លៃប្រហែល 5 ពាន់លានផោន (ប្រហែល 6 ពាន់លានដុល្លារអាម៉េរិក)។
ក្នុងការដណ្ដើមទិញ MU លោក Sheikh Jassim នឹងត្រូវប្រកួតប្រជែងជាមួយមហាសេដ្ឋី Jim Ratcliffe ដែលទទួលបានការគាំទ្រពីធនាគារ Goldman Sachs៕