
អ្នកគាំទ្រពីប្រទេស និងដែនដីជាង 120 លើពិភពលោក បានទិញសំបុត្រចូលទស្សនាការប្រកួត World Cup នារីលើកទី 9 ដែលនឹងត្រូវធ្វើឡើងនៅអូស្ត្រាលី និងនូវែលសេឡង់ ក្នុងខែកក្កដា និងខែសីហាខាងមុខ។
យោងតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់អូស្ត្រាលី (FA) សំបុត្រជាង 5 សែន សម្រាប់ចូលទស្សនាការប្រកួតនៅពានរង្វាន់ជើងឯកបាល់ទាត់នារីពិភពលោក 2023 (2023 FIFA Women’s World Cup) ត្រូវបានលក់ឱ្យអ្នកគាំទ្ររួចហើយ។
ទិន្នន័យដែលបានប្រកាសកាលពីថ្ងៃទី 17 មករា 2023 បង្ហាញថា អ្នកគាំទ្រពីប្រទេស និងដែនដីជាង 120 លើពិភពលោក បានទិញសំបុត្រចូលទស្សនាការប្រកួត World Cup នារីលើកទី 9 ដែលនឹងត្រូវធ្វើឡើងនៅអូស្ត្រាលី និងនូវែលសេឡង់ ក្នុងខែកក្កដា និងខែសីហាខាងមុខ។ នេះគឺជារដូវកាល World Cup នារីដំបូងដែលមាន 32 ក្រុមចូលរួមប្រកួត។

បណ្ដាប្រទេសដែលមានអ្នកគាំទ្រទិញសំបុត្រចូលទស្សនា World Cup នារី 2023 ច្រើនជាងគេរួមមាន ប្រទេសម្ចាស់ផ្ទះ នូវែសេឡង់ និងអូស្ត្រាលី, ចិន, អង់គ្លេស, កាតា, សហរដ្ឋអាម៉េរិក និងកាណាដា។
ក្នុងប្រកាសមួយ អគ្គលេខាធិការរបស់ FIFA លោកស្រី Fatma Samoura លើកឡើងថា សកម្មភាពលក់សំបុត្រសម្រាប់វគ្គផ្ដាច់ព្រ័ត្រ World Cup នារី 2023 បានចាប់ផ្ដើមយ៉ាងរលូន ក្នុងនោះមិនត្រឹមតែមានការគាំទ្រពីប្រទេសម្ចាស់ផ្ទះនោះទេ តែក៏មានការគាំទ្រច្រើនពីបណ្ដាប្រទេសជុំវិញពិភពលោកផងដែរ។ ប្រការខាងលើបង្ហាញថា មានការចាប់អារម្មណ៍កាន់តែច្រើនចំពោះបាល់ទាត់នារី។
FIFA ឱ្យដឹងថា នឹងបន្តការលក់សំបុត្រសម្រាប់ដំណាក់កាលថ្មីដើម្បីផ្ដល់ឱកាសដល់អ្នកគាំទ្របានចូលទស្សនាការប្រកួតវគ្គនានានៅ World Cup នារី 2023៕
