
នៅមុនការប្រកួតជើងទីពីរនៃវគ្គផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 សារព័ត៌មាន Chosun របស់កូរ៉េខាងត្បូង ជឿជាក់ថា គ្រូបង្វឹក Park Hang-seo អាចជួយឱ្យវៀតណាមឈ្នះថៃ មុនពេលលាកូនសិស្ស និងអ្នកគាំទ្រនៅប្រទេសវៀតណាម។
«សកម្មភាពចុងក្រោយរបស់គ្រូបង្វឹក Park Hang-seo ក្នុងវិស័យបាល់ទាត់វៀតណាមពេលនេះគឺនៅសល់តែការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទីពីររបស់ AFF Cup 2022 ប៉ុណ្ណោះ» សារព័ត៌មានខាងលើសរសេរដូច្នេះ។ «អ្នកគាំទ្រសុទ្ធតែចង់ដឹងថា តើគ្រូបង្វឹក Park អាចបញ្ចប់ដំណើរលើកនេះដោយស្នាមញញឹកដែរ ឬយ៉ាងណា»។
ការប្រកួតលើទីលាន My Dinh វៀតណាម និងថៃរកបាន 2 គ្រាប់ដូច្នេះ។ ដោយសារតែ AFF Cup អនុវត្តលក្ខន្តិកៈ «គ្រាប់បាល់ក្រៅទឹកដី» (Away Goals Rule) ដើម្បីជ្រើសរើសក្រុមឈ្នះក្នុងករណីក្រុមទាំងពីររកបានគ្រាប់បាល់ស្មើគ្នាក្រោយការប្រកួតពីរជើងនៅវគ្គផ្ដាច់ព្រ័ត្រ វៀតណាម ត្រូវការឈ្នះ ឬស្មើចាប់ពី 3-3 ឡើងទៅ ទើបអាចដណ្ដើមបានជើងឯក។ ចប់ការប្រកួតជើងទីពីរនៃវគ្គផ្ដាច់ព្រ័ត្រ បើសិនលទ្ធផលស្មើ 2-2 វៀតណាម និងថៃត្រូវប្រកួតតង់បន្ថែម។ នេះមិនមែនជាគោលដៅងាយស្រួលឡើយសម្រាប់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Park Hang-seo ក៏ដូចជាក្រុមវៀតណាម ព្រោះថា ថៃកំពុងបង្ហាញថា ពួកគេខ្លាំងក្លា។

ប៉ុន្តែសារព័ត៌មាន Chosun របស់កូរ៉េខាងត្បូង សរសេរថា ទោះជាយ៉ាងនេះក៏ដោយ គ្រូបង្វឹក Park ស័ក្ដិសមទទួលបានការគោរព ព្រោះតែការរួមចំណែករបស់លោកនៅក្នុងវិស័យបាល់ទាត់របស់វៀតណាម ចាប់តាំងពីឆ្នាំ 2017។
សារព័ត៌មានកូរ៉េខាងត្បូងខ្លះ បានហៅ AFF Cup ថាជា World Cup របស់អាស៊ីអាគ្នេយ៍ ហើយប្រការនេះក៏ទំនងជាមិនមែនគ្មានហេតុផលនោះដែរ។ ព្រោះថា មានជនជាតិកូរ៉េខាងត្បូង 3 រូបដែលធ្លាប់ចូលប្រកួតនៅ World Cup កំពុងបំពេញបេសកកម្មជាគ្រូបង្វឹកនៅអាស៊ីអាគ្នេយ៍ រួមមាន គ្រូបង្វឹក Shin Tae-yong របស់ក្រុមឥណ្ឌូណេស៊ី, ជំនួយការក្រុមជម្រើសជាតិវៀតណាម Lee Young-jin និងគ្រូបង្វឹក Park Hang-seo របស់ក្រុមវៀតណាម។ ចំណែកមូលហេតុដែលនាំឱ្យសារព័ត៌មានកូរ៉េខាងត្បូង សង្ឃឹមថា វៀតណាមនឹងឈ្នះថៃនោះក៏ដោយសារថា មកដល់វគ្គផ្ដាច់ព្រ័ត្រនេះនៅសល់តែវៀតណាមប៉ុណ្ណោះដែលមានគ្រូបង្វឹកជាជនជាតិកូរ៉េខាងត្បូង៕



