ជន​គ្មាន​ផ្ទះសំបែង​ម្នាក់​យំ​ខ្សឹកខ្សួល​នៅពេល​ទទួលបាន​អាវ Messi

បរុស​គ្មាន​ផ្ទះសំបែង​ម្នា​ក់នៅ រដ្ឋធានី​របស់ អា​ហ្ស​ង់​ទីន យំ​ខ្សឹកខ្សួល នៅពេល​កំលោះ​មួយក្រុម​ជូន​អាវ Messi ដើម្បី​ចូលរួម​អបអរ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022។

វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី 19 ធ្នូ បង្ហាញថា កំលោះ​ម្នាក់​ពាក់អាវ​លេខ 10 របស់​ខ្សែប្រយុទ្ធ Lionel Messi ឱប​បុរស​គ្មាន​ផ្ទះសំបែង​ម្នាក់​នៅលើ​ដងផ្លូវ​ក្នុង រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ។ ក្រោយមក មាន​កំលោះ​ម្នាក់ទៀត​​ចូល​មក​​ក្បែរ ដោះអាវ​កីឡា​លេខ 10 ដែល​កំពុង​ពាក់ ជូនទៅ​បុរស​នោះ និង​ឱប​ដោយ​ក្ដី​អាណិតអាសូរ។

បុរស​គ្មាន​ផ្ទះសំបែង​នោះ​ឱនក្បាល​សម្ដែង​ការ​អរគុណ ហើយក៏​កាន់​ថើប​អាវ យំ និង​ចាប់ផ្ដើម​ពាក់អាវ​ថ្មី​នោះ។ គាត់​លុតជង្គង់​លើផ្លូវ​បណ្ដើរ យំ​បណ្ដើរ និង​សំពះ ធ្វើ​កាយវិការ​ជា​ឈើឆ្កាង បង្ហាញ​ការ​បួងសួង​ជូនពរ។ កំលោះ​ម្នាក់​ផ្សេងទៀត​ក៏បាន​​ចូល​មក​​ឱប​​បុរស​នោះ ខណៈដែល​មនុស្ស​នៅ​ជុំវិញ​ស្រែក​ហ៊ោ​អបអរសាទរ។

វីដេអូ​នេះ​បានធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​រំភើប រំជួលចិត្ត។ អ្នកខ្លះ​ថា ប្រហែលជា​យូរ​មកហើយ​ដែល​គាត់​មាន​អារម្មណ៍​ថា មិនអាច​ចូលរួម​បរិយាកាស​សប្បាយរីករាយ​ក្នុងសង្គម​នឹង​គេ។

«ជួយ​ឱ្យ​គាត់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ​ផង មិន​ដូច្នេះ​ទេ គាត់​នឹង​ក្លាយជា​មនុស្ស​នៅក្រៅ​ព្រឹត្តិការណ៍​នៅលើ​ទឹកដី​របស់ខ្លួន» អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​សរសេរ​ដូច្នេះ។

អា​ហ្ស​ង់​ទីន ដណ្ដើមបាន​តំណែង​ជើងឯក World Cup 2022 ក្នុង​គ្រា​ប្រទេស​នេះ​ប្រឈម​នឹង​ស្ថានភាព​សេដ្ឋកិច្ច​លំបាក។ អង្គការ​មនុស្សធម៌ Habitat for Humanity គណនា​ឃើញថា ប្រជាជន​អា​ហ្ស​ង់​ទីន ជាង 40% កំពុង​រស់នៅក្នុង​ភាពក្រីក្រ។ រូបភាព​អ្នក​គ្មាន​ផ្ទះសំបែង ឬ​អ្នកដើរ​លក់ទំនិញ​តាម​ដងផ្លូវ​គឺជា​រូបភាព​ដែល​គេ​មើលឃើញ​រាល់ថ្ងៃ​នៅក្នុង រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែរ និង​បណ្ដា​ទីក្រុង​ដទៃ​ទៀត​​របស់ អា​ហ្ស​ង់​ទីន៕

Advertisement