(World Cup 2022)- ភរិយា និង​កូន​ៗមក​សួរសុខទុក្ខ Ronaldo មុន​ពេល​ចូល​ប្រកួត​​នៅ​វគ្គ 1/8

កំពូល​តារាបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ជួប​ភរិយា Georgina Rodriguez រួម​នឹងកូនៗ នៅ​មុនពេល​ប្រកួត​ជាមួយ​ក្រុម​របស់ ស្វ៊ី​ស នៅ​វគ្គ 8 ក្រុម​របស់ World Cup 2022។

អ្នកស្រី Georgina Rodriguez រួម​នឹងកូនៗបាន​ទៅកាន់ កាតា តាំងពី​ថ្ងៃទី 02 ធ្នូ និង​បាន​ចូលរួម​តាមដាន​ការប្រកួត​ចាញ់ កូរ៉េខាងត្បូង 1-2 របស់ ព័រទុយហ្កាល់ នៅ​វគ្គ​ចែក​ពូ​ល។ មួយថ្ងៃ​ក្រោយ Ronaldo បាន​ជួប​ភរិយា និងកូនៗ​ក្នុង​​ថ្ងៃ​​ឈប់​សម្រាក​​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ Georgina ក៏​ចែករំលែក​រូបថត​រួមជាមួយ​កំពូល​តារាបាល់ទាត់​វ័យ 37 ឆ្នាំ នៅឯ​សណ្ឋាគារ​ផងដែរ។

ការជួបជុំ​ប្រពន្ធ​កូន​គឺជា​ការលើកទឹកចិត្ត​ដ៏​ធំ​សម្រាប់ Ronaldo នៅមុន​ការប្រកួត​សំខាន់​នៅ​វគ្គ 8 ក្រុម ដែលជា​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out)។ មុន​នោះ ក្រុម​ជម្រើសជាតិ​មួយចំនួន មានដូចជា អង់គ្លេស អាល្លឺម៉ង់ បែលហ្ស៊ិក ហូ​ឡង់ ជាដើម ក៏បាន​អនុញ្ញាតឱ្យ​កីឡាករ​របស់​ពួកគេ​ជួបជុំ​ប្រពន្ធ​កូន​នៅពេល​ចូលរួម​ប្រកួត​នៅ World Cup 2022។

Ronaldo និង​ក្រុម​ព័រទុយហ្កាល់ នឹង​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​វគ្គ 1/8 របស់ World Cup 2022នៅវេលា​ម៉ោង 2 ថ្ងៃទី 07 ធ្នូ (ម៉ោង​នៅ កម្ពុជា)៕

Advertisement