Neymar៖ រូបគេ​ចេញពី Barcelona ព្រោះ PSG មានឱកាស​ឈ្នះ​ពាន Champions League ច្រើនជាង

Neymar បាន​បញ្ជាក់ថា រូបគេ​ចាក​ចេញពី​ក្លិប Barcelona ទៅកាន់​ក្លិប Paris Saint-Germain ដើម្បី​ស្វែងរក​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League។

ក្លិប PSG បាន​ចំណាយ​ប្រាក់​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក នៅពេលដែល​ពួកគេ​បាន​ចុះហត្ថលេខា​ជាមួយនឹង​តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូបនេះ​ពី​ក្លិប Barcelona ក្នុងតម្លៃ​ខ្លួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក) កាលពី​ខែ​មុន ខណៈដែល​រូបគេ​បានទទួល​ចំណូល​ដល់​ទៅ65.8ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍។ ប៉ុន្តែ Neymar ដែល​បានឈ្នះ​ពានធំៗចំនួន8ក្នុង​រយៈពេល4រដូវ​កាល​រួម​ជាមួយនឹង​ខ្សែប្រយុទ្ធ Lionel Messi នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នោះ បាន​និយាយថា ក្លិប​ថ្មី​របស់គេ​មានឱកាស​ក្នុងការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ច្រើនជាង​អតីត​ក្លិប​របស់គេ។ កីឡាករ​រូបនេះ​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប សម្រាប់​ក្លិប​ថ្មី​របស់គេ នៅពេលដែល PSG ប៉ះ​ជាមួយនឹង​ក្រុម Celtic នៅ​កីឡដ្ឋាន Parkhead នៅ​ថ្ងៃស្អែក​នេះ។

Neymar វ័យ25ឆ្នាំ បាន​ឲ្យ​ដឹងថា៖ «ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដ៏​ធំ​បំផុត​របស់ខ្ញុំ​សម្រាប់​ការចូលរួម​ជាមួយនឹង PSG គឺ​ការជួយ​បង្កើត​ប្រវត្តិសាស្ត្រ។ Champions League គឺជា​ពាន​តែមួយគត់​ដែល​យើង​ចង់​ឈ្នះ ប៉ុន្តែ​វា​ក៏​ជា​ពាន​សំខាន់​មួយ​ផងដែរ»។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​បន្ថែមទៀតថា៖ «គោលបំណង​នៅ​រដូវ​កាល​នេះ​គឺ​ការ​ប្រជែង​ដើម្បី​ឈ្នះ​ពាន​ឱ្យបាន។ នោះ​គឺជា​កម្រិត​ដែល​ក្លិប​នេះ​កំពុងតែ​ស្ថិតនៅ​នាពេល​បច្ចុប្បន្ន។ ខ្ញុំ​ពិតជា​ជឿជាក់ថា យើង​អាច​ឈ្នះ​ពាន​ក្នុង​យុទ្ធនាការ​នេះ។ យើង​មិន​ត្រឹមតែ​មានគុណ​ភាព​ឡើយ ប៉ុន្តែ យើង​ថែមទាំង​មាន​បទពិសោធ​ទៀតផង។ កីឡាករ​ដឹង​ពី​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ឈ្នះ​ពាន Champions League»។

PSG បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម Metz ក្នុង​លទ្ធផល 5-1 ក្នុង​ក្របខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃ​សុក្រ ខណៈដែល​ក្រុម Celtic បាន​យកឈ្នះ​ក្រុម Hamilton 4-1 ក្នុង​ក្របខ័ណ្ឌ​លី​ក​ស្កុ​ត​ឡេ​ន កាលពី​ថ្ងៃ​សៅរ៍។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

ប្រភពព័ត៌មាន៖ The Sun

Advertisement