«សិស្សត្រូវគិតគូរ និងសម្រេចចិត្តឲ្យច្បាស់ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រាពិត ឬវិទ្យាសាស្ត្រសង្គម ពីថ្នាក់ទី 10 ទៅឲ្យហើយ ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅចាប់យកជំនាញសិក្សាពិតប្រាកដមួយនៅសាកលវិទ្យាល័យ ឬវិទ្យាស្ថានបច្ចេកទេសផ្សេងៗ ក៏ដូចជាពង្រឹងសមត្ថភាពការងារ»។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីចែកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សា បឋមភូមិ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ។
ឧកញ៉ាបានបន្ថែមទៀតថា សិស្សខ្លះចូលរៀនខុសជំនាញ ដោយសារនៅវិទ្យាល័យ ពួកគេខិតខំរៀនសូត្រតែមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ពីព្រោះមិនចង់ប្រើខួរក្បាល និងមិនចូលចិត្តការគិត វិភាគស្មុគស្មាញច្រើន តែនៅពេលរៀនចប់វិទ្យាល័យ បែរជាជ្រើសរើសយកជំនាញផ្នែកវិស្វកម្ម ឬហិរញ្ញវត្ថុទៅវិញ ដែលជំនាញទាំងនោះត្រូវប្រើមុខវិជ្ជាវិទ្យាសាស្ត្រពិតជួយគាំទ្រ។ កត្តានេះហើយដែលធ្វើឲ្យការសិក្សាខុសទិសដៅ និងមិនទទួលបានជោគជ័យ។
ក្រសួងអប់រំ យុវជន និងកីឡា បានបែងចែកជាពីរផ្នែកមុខវិជ្ជាសិក្សា គឺផ្នែកវិទ្យាសាស្ត្រពិត ដែលមានមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ឯផ្នែកវិទ្យាសាស្ត្រមានមុខវិជ្ជា ភាសាខែ្មរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌និងពលរដ្ឋវិទ្យា ផែនដីវិទ្យា និងភាសាបរទេស ហើយចាប់អនុវត្តនៅថ្នាក់ទី 12។
ម្ចាស់គ្រឹះស្ថានអប់រំបានសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍ គឺត្រូវការជំនាញផ្នែកវិទ្យាសាស្ត្រពិតច្រើនជាងគេ ដូចជាផ្នែកវិស្វកម្ម ស្ថាបត្យកម្ម សរសេរកូដកម្មវិធី វិជ្ជសាស្ត្រ បច្ចេកវិទ្យា វិភាគសេដ្ឋកិច្ច វិភាគហិរញ្ញវត្ថុជាដើម ដែលជំនាញទាំងនោះមានឪកាសទទួលបានការងារច្រើន ជាមួយនឹងប្រាក់បៀវត្សរ៍ក៏ច្រើនគួរសមផងដែរ។
សូមជម្រាបថា ដោយស្ថានភាព Covid-19 សិ្ថតក្នុងការការពារ និងប្រុងប្រយ័ត្នខ្ពស់ ដូចនេះសាលាបានព្យាយាមរក្សាគម្លាតសុវត្ថិភាព ព្រមទាំងគោរពតាមវិធានការពាររបស់ក្រសួង ដោយមានការពាក់ម៉ាស វាស់កម្តៅ និងលាងដៃនឹងអាល់កុល និងបានបែងចែកការប្រគល់វិញ្ញាបនបត្រតាមកាលបរិច្ឆេទ នៅបួនទីតាំងផ្សេងគ្នា រួមមាន៖ សាខាច្បារអំពៅ សាខាចំការដូង សាខាដូនពេញ និងសាខាសន្ធរម៉ុក៕