ជាការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ក៏ដូចជាការបង្ហាញពីឆន្ទៈក្នុងការថែរក្សាធនធានធម្មជាតិនៅកម្ពុជាផងដែរនោះ នៅព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ 2017 ព្រឹកមិញនេះ ក្រុមហ៊ុន អ័រគីដេ វីឡា បានចំណាយថវិកាស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានទទឹង 4 ម៉ែត្រ និងប្រវែង 70 ម៉ែត្រ និងចែកសម្ភារសិក្សាដូចជាប៊ិច សៀវភៅ កាបូបស្ពាយ ដល់សិស្សានុសិស្សចំនួនជាង 500 នាក់ ដែលសិស្សានៅក្នុងសាលារៀន និងអនុវិទ្យាល័យ សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ស្ថិតនៅភូមិ ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បន្ថែមពីនេះ នៅក្នុងឱកាសសម្ពោធផ្លូវបេតុងនេះ ក្រុមការងាររបស់ក្រុមហ៊ុន អ័រគីដេវីឡា ក៏បានចូលរួមបំផុសចលនា ថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ដោយការដាំកូនឈើ រួមជាមួយនឹងការដាំកូនផ្កា ដើម្បីជាការលម្អរនៅក្នុងបរិវេណសាលារៀន និងអនុវិទ្យាល័យផងដែរ ។
ជាការផ្ដាំផ្ញើ អ្នកតំណាងក្រុមហ៊ុន អ័រគីដេវីឡា ដែលនាំយកអំណោយទៅចែកដល់សិស្សានុសិស្សក៏បានបញ្ជាក់ឱ្យដឹងផងដែរ សម្រាប់អំណោយ ដែលរួមមានសម្ភារសិក្សា សម្ភារលេងកីឡា រួមជាមួយនឹងផ្លូវបេតុងមួយខ្សែនេះ ថ្វីត្បិតមានចំនួនតិច ប៉ុន្តែវាជាសកម្មភាពមួយដែលបង្ហាញពីឆន្ទៈនៃការចូលរួមចំណែកនៅក្នុងសង្គម លើកម្ពស់វិស័យអប់រំ ក៏ដូចជាជួយសម្រួលដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅក្នុងរដូវភ្លៀងធ្លាក់នេះឱ្យមានភាពងាយស្រួល។
គួររំលឹកផងដែរថា ជានិច្ចកាល ក្រុមហ៊ុន អ័រគីដេវីឡា តែងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងការងារមនុស្សធម៌ជាហូរ ដូចជា ការផ្តល់ឈាម ការបរិច្ចាកថវិកាជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ការកសាងផ្លូវ ក៏ដូចជាចូលរួមកសាងសាលារៀនជាដើម ៕