ជាអគារដ៏ទំនើប ខ្ពស់ស្គឹមស្កៃ និងទាន់សម័យ ដែលផុសឡើងបង្ហាញខ្លួននៅចំកណ្តាលបេះដូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃរាជធានីភ្នំពេញ អាផាតមិន One Residence ស្ថិតនៅអគារលេខ168 តាមបណ្តោយផ្លូវព្រះនរោត្តម ខណ្ឌចំការមន បានប្រកាសចាប់បើកដំណើរការលក់ជាផ្លូវការណ៍ហើយ ដែលពិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី18 ខែសីហា ឆ្នាំ2017 នៅផ្នែកខាងលើនៃអគារ One Residence ផ្ទាល់តែម្ដង ក្រោមការចូលរួមពីសំណាក់ម្ចាស់ទុនវិនិយោគសាងសង់ នាយកគ្រប់គ្រងក្រុមហ៊ុនទទួលសិទ្ធិលក់ និងបណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវកិត្តិយស រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត ។
នៅក្នុងពិធីដ៏រីករាយដែលបង្ហាញពីការស្វាគមន៍វត្តមានថ្មីនៃអគារដ៏ល្អប្រណីត កម្រិតស្តង់ដារមួយនេះ ត្រូវបានគេដឹងថា សម្រាប់ការគ្រប់គ្រងទីផ្សារនៃការលក់ ឬជួលនៅក្នុងអគារមួយនេះ គឺជាការទទួលខុសត្រូវ និងផ្ដល់សិទ្ធិទាំងស្រុងទៅឱ្យក្រុមហ៊ុនដែលមានជំនាញ និងមានបទពិសោធន៍ផ្នែកខាងវិស័យអចលនទ្រព្យ CMS (Capital Management Solutions) ។ នៅក្នុងឱកាសដ៏សែនមនោរម្យនេះផងដែរ សម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម ក្រៅពីបានរីករាយដោយការជួបសំណេះសំណាលគ្នារវាងអ្នកជំនួញទាំងក្នុង និងក្រៅស្រុក ក៏ដូចជាការបង្កើនភាពស្និទ្ធស្នាល ថែមទាំងមានឱកាសបានពិនិត្យមើលពីភាពអស្ចារ្យ ស្អាតប្លែក ត្រជាក់ភ្នែក ជាមួយនឹងទិដ្ឋភាពនៃបន្ទប់ស្នាក់នៅដ៏ទំនើប ទាន់សម័យ ដែលពោរពេញទៅដោយការតុបតែងលម្អនៅក្នុងបន្ទប់ទាំងមូលរួមមានគ្រឿងអេឡិចត្រូនិកសម្រាប់កម្សាន្ត ចង្កៀងអគ្គិសនីដ៏ស្រស់ស្អាត សាឡុងគ្រែពូកដ៏ទន់ល្មើយ ផ្តល់ផាសុកភាពខ្ពស់ ដ៏ដូចជាសម្ភារៈប្រើប្រាស់ផ្សេងៗទៀត រួមនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលទាំងអស់នេះត្រូវបានបង្ហាញជូន និងណែនាំដោយអ្នកតំណាងផ្នែកលក់របស់ក្រុមហ៊ុន CMS (Capital Management Solutions) ។
សម្រាប់បន្ទប់ស្នាក់នៅក្នុងអគារដ៏ខ្ពស់ស្គឹមស្កៃមួយនេះ ត្រូវបានរៀបចំឡើងចាប់ពីទំហំ 42 ម៉ែត្រការ៉េ រហូតដល់ 67 ម៉ែត្រការ៉េ ដោយមានការបែងចែកចេញជា 4 ប្រភេទ រួមមាន ប្រភេទ Studio , 2 Bedroom Suite , 1Bedroom Deluxe Suite , និងប្រភេទ 1Bedroom Executive Suite ខណៈដែលតម្លៃគឺអាស្រ័យទៅតាមទំហំ និងប្រភេទបន្ទប់ រួមជាមួយនឹងរយៈពេលនៃការស្នាក់នៅ ។
គួរបញ្ជាក់ផងដែរថា អគារ One Residence ក្រៅពីមានបម្រើលើសេវាស្នាក់នៅ ក៏មានសេវាផ្សេងៗទៀតជាច្រើន ដូចជា ភោជនីយដ្ឋាន ការកុម្ម៉ង់អាហារជាលក្ខណៈឯកជននៅតាមបន្ទប់ មានកន្លែងហាត់ប្រាណជាមួយឧបករណ៍ទំនើបទាន់សម័យ មានអាងហែលទឹកដ៏ធំទូលាយនៅផ្នែកខាងលើនៃអគារ មានសេវាបោកអ៊ុតសម្លៀកបំពាក់ សេវាជួលរថយន្ត សេវាជួលកង់ រួមជាមួយនឹងការប្រើសេវាអ៊ីនធឺណែតដោយសេរី ។
សូមបង្កើនភាពស្រស់ថ្លានៃការរស់នៅរបស់លោកអ្នកជាមួយអាផាតមិន One Residence ចាប់ពីពេលនេះតទៅ ៕