ភ្នំពេញ – នៅពេលដែលការតាំងពិព័រណ៍ផលិតផលនៃសហគ្រាសខ្នាតតូច-មធ្យម (SME) ថៃ នៅមជ្ឈមណ្ឌលកោះពេជ្រកំពុងតែបន្ដដំណើរការនៅឡើយ។ កាលថ្ងៃ17 ខែសីហា ឆ្នាំ2017 មានបណ្ដាក្រុមហ៊ុនថៃជាច្រើនបានរៀបចំកម្មវិធី Business Matching ដើម្បីចាប់ដៃគូពាណិជ្ជកម្មជាមួយកម្ពុជា។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃប្រចាំខេត្ដសៀមរាបបានបញ្ជាក់ថា ការរៀបចំកម្មវិធី «Business Matching» គឺដើម្បីផ្ដល់ឱកាសឱ្យពាណិជ្ជករថៃ និងកម្ពុជា អាចជួបពិភាក្សាគ្នានិងស្វែងយល់ចិត្ដគ្នាមុននឹងឈានទៅដល់ការធ្វើកិច្ចសហប្រតិបត្ដិការរួមគ្នា។ លោកស្រីបន្ដថា៖«ការជួបពិភាក្សាគ្នានេះមិនប្រាកដថា ក្រុមហ៊ុននីមួយៗជួបជជែកគ្នាតែម្ដងហើយបានជោគជ័យនោះទេ។ ក្រុមហ៊ុនខ្លះមក5ដងទើបអាចចាប់ដៃគូសហការគ្នាក៏មាន។ដូច្នេះហើយខ្ញុំតែងតែប្រាប់ទៅក្រុមហ៊ុនទាំងនោះថា ចង់ធ្វើពាណិជ្ជកម្មជោគជ័យត្រូវតែមានភាពអំណត់ តែទោះជាយ៉ាងណាក៏យើងសប្បាយចិត្ដដែរ ព្រោះកិច្ចការដែលយើងធ្វើកន្លងមកតែងតែទទួលបានជោគជ័យតមករហូត»។
ពេលបច្ចុប្បន្នក្រៅក្រុមហ៊ុនធំៗរបស់ថៃ ក៏មាន SME ជាច្រើនដែរដែលមានការចាប់អារម្មណ៍ចំពោះកិច្ចសហការក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ មូលហេតុមកពីមានក្រុមហ៊ុនធំៗជាច្រើនក្រោយពីបានមកធ្វើពាណិជ្ជកម្មនៅកម្ពុជាហើយតែងតែលើកយកពីចំណុចវិជ្ជមានទៅផ្សព្វផ្សាយបន្ដតាមរយៈការគាំទ្រលើគុណភាព។ ដូច្នេះហើយទើបធ្វើឱ្យ SME តាមបណ្ដាខេត្ដនានាដែលមានសក្ដានុពលក្នុងការបង្កើតផលិតផលមានបំណងចាប់ដៃគូពាណិជ្ជករនៅប្រទេសកម្ពុជា។
តំណាងពាណិជ្ជកម្មថៃប្រចាំខេត្ដសៀមរាបបន្តថា ៖ «បច្ចុប្បន្នមិនមែនមានតែខេត្ដ Chanthaburi ទេដែលមានការចាប់អារម្មណ៍ធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺនៅមានខេត្ដនៅតាមព្រំដែនប្រទេសកម្ពុជា ដូចជាខេត្ដ រ៉ាក់យ៉ង ត្រាត ស៊ីសាកេត ជាដើមពួកគាត់សុទ្ធតែមានបំណងចង់មកចាប់ដៃគូពាណិជ្ជកម្មនៅជាមួយកម្ពុជា»៕