គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភី អិល ស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន ទ្រូម៉ាន់នី ជាក្រុមហ៊ុនផ្ទេរប្រាក់ 25ខេត្ត ក្រុង បានចុះហត្ថលេខាភាពជាដៃគូរលើសេវាទូទាត់វិក្កយបត្រ។ តាមរយៈភាពជាដៃគូរនេះ អតិថិជនដែលខ្ចីប្រាក់ពីក្រេឌីតទាំងអស់ អាចបង់សងប្រាក់កម្ចីមកក្រេឌីតវិញតាមរយៈភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។ នេះវាជម្រើសថ្មីមួយទៀត សម្រាប់អតិថិជនក្រេឌីតក្នុងការបង់សងប្រាក់កម្ចីមកក្រេឌីតវិញ បើទោះជាក្នុងថ្ងៃធ្វើការ ថ្ងៃឈប់សម្រាក ឫថ្ងៃចុងសប្តាហ៍ក្តី។ អតិថិជនគ្រាន់តែយកមកជាមួយនូវតារាងកាលវិភាគសងប្រាក់ និងអញ្ជើញទៅភ្នាក់ងារទ្រូម៉ាន់នីណាមួយជាការស្រេច។
ក្នុងឳកាសដ៏រីករាយនោះ លោក ចាន់ ម៉ាច ប្រធាន នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភី អិល ស៊ីមានប្រសាសន៍ថា បើទោះជាសព្វថ្ងៃ ក្រេឌីតមានការិយាល័យនៅស្ទើគ្រប់កន្លែងទូទាំងប្រទេស តែក្រេឌីតនៅតែស្វែងរកនូវជម្រើសសេវាកម្មផ្សេងៗ និងថ្មីៗសម្រាប់អតិថិជនរបស់ខ្លួន ធ្វើដូចនេះអតិថិជនអាចជ្រើសរើសនូវជម្រើសណាមួយដែលសក្តិសមសម្រាប់ពួកគាត់ ងាយស្រួល និងសន្សំសំចៃ។ តាមរយៈភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេសដែលមានប្រមាណ 5000កន្លែងនៅទូទាំងប្រទេស អតិថិជនយើងនឹងអាចសន្សំពេលវេលាបានច្រើន។
ជាមួយគ្នានេះ លោក គង់ មាន នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនទ្រូម៉ាន់នីមានប្រសាសន៍ថា ការសហការនេះពិតជាបានផ្តល់ប្រយោជន៏យ៉ាងច្រើនសម្រាប់អតិថិជន ដោយគាត់ពុំចាំបាច់ចំនាយពេលវេលាយូរក្នុងការធ្វើដំណើរទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភី អិល ស៊ី ដោយផ្ទាល់នោះទេ ខណៈដែលអតិថិជនមួយចំនួនស្នាក់នៅឆ្ងាយពីសាខារបស់គ្រឹះស្ថាន ឬមិនមានពេលវេលាគ្រប់គ្រាន់។ មួយវិញទៀតអតិថិជនអាចបង់សងបានទាន់ពេលលកំណត់ ដោយមិនអស់ថ្លៃពិន័យ ពីព្រោះទ្រូម៉ាន់នីបានផ្តល់ភាពងាយស្រួល និងជួយកាត់បន្ថយចំណាយរបស់អតិថិជនបានច្រើន តាមរយៈការផ្តល់ថ្លៃសេវាកម្មសមរម្យ និងភ្នាក់ងារជាច្រើនទីតាំង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននឹងពង្រីកវិសាលភាពឲ្យធំធេងជាងមុន រួមទាំងបន្តពង្រឹង និងបន្ថែមសេវាកម្មថ្មីៗអោយរឹតតែប្រសើរឡើងផងដែរ។
ជាក់ស្តែងនៅពេលឆាប់ៗខាងមុខនេះ យើងនឹងមានសេវាកម្ម E-Wallet ដែលអតិថិជនអាចប្រើសេវាកម្មទ្រូម៉ាន់នីទាំងអស់បានតាមរយៈគណនី ជាមួយនឹងកម្មវិធី Mobile App ដោយពុំចាំបាច់មានកាត និងសេវាកម្ម Payment Solution ដែលអតិថិជនអាចទូទាត់ចំណាយតាមហាងផ្សេងៗបានតាមរយៈគណនីទ្រូម៉ាន់នី។
មួយវិញទៀតដើម្បីឆ្លើយតប និងលើកទឹកចិត្តដល់អតិថិជនជាង 1.5លាននាក់ ដែលតែងតែប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី ថ្មីៗនេះក្រុមហ៊ុនបានបង្កើតនូវកម្មវិធីពិសេស “ឈ្នះលុយរាល់ថ្ងៃ! ម៉ូតូរាល់សប្តាហ៏!” ដោយផ្តល់សំណាងជូនអតិថិជនដែលបានផ្ញើលុយតាមភ្នាក់ងារទ្រូម៉ាន់នី។ អតិថិជនអាចឈ្នះជាសាច់ប្រាក់ភ្លាមៗ និងម៉ូតូរាល់មួយសប្តាហ៍ម្តង ៕