Skip to content

ក្រុមហ៊ុនធានារ៉ាប់រង Forte នៅបន្តការងារ រួមចំណែកក្នុងសង្គមកម្ពុជាប្រឆាំងនឹងជំងឺកូវីដ-19

ជំងឺរាតត្បាតកូវីដ-19 កំពុងបង្កនូវភាពមិនប្រាកដប្រជា ការរំខាន និងការព្រួយបារម្ភនៅកម្ពុជា និងជុំវិញពិភពលោក។ ក្រុមហ៊ុនធានារ៉ាប់រង ហ្វ័រតេ (Forte) កំពុងតែព្យាយាមដោះស្រាយ​ទៅតាមស្ថានភាពដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនេះ។

ជាមួយគ្នានេះ សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិក គឺជាអាទិភាពរបស់ក្រុមហ៊ុន ដោយយើងបាន​និងកំពុង​តាមដានការវិវឌ្ឍ និងកំណត់យកវិធីសាស្រ្តល្អបំផុត ដើម្បីឆ្លើយតបនឹងបញ្ហាដែលបង្កដោយ វីរុសកូវីដ-19 តែយើងនៅតែបន្តប្រតិបត្តិការជាធម្មតា ស្របពេលនេះ យើងក៏បានបន្ថែមការយកចិត្តទុក​ដាក់​ចំពោះសុខុមាលភាពរបស់បុគ្គលិកផងដែរ។

តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន Forte ជាក្រុមហ៊ុនធានារ៉ាប់រងដែលរឹងមាំជាងគេនៅកម្ពុជា បានបរិច្ចាគទឹកប្រាក់តិចតួចជាមួយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំពោះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនForte បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនForteសូមចូលរួមជាកម្លាំងមួយផ្នែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ការ និងព្យាបាលវីរុសកូវីដ-19 ដើម្បីសុវត្ថិភាព និងសុខភាពប្រជាជនកម្ពុជា។

លោកអគ្គនាយក បានបន្តថា ក្រៅពីការរួមចំណែកជាថវិកាជាមួយរដ្ឋាភិបាលហើយ ក្រុមហ៊ុនហ្វ័រតេ ក៏បានដាក់ចេញជាវិធានការបន្ទាន់ និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-19 ដល់បុគ្គលិក និងអតិថិជន ដោយបានអនុវត្តវិធានការផ្នែកអនាម័យល្អ និងសុវត្ថិភាព។

លោក ចំរើនឬទ្ធិ បានបញ្ជាក់ថា៖«នៅក្នុងវិធានការដែលក្រុមហ៊ុនយើងបានប្រតិបត្តិ ក្នុងការការពារបុគ្គលិក និងអតិថិជនរបស់យើង ដោយបានផ្តល់ជូននូវ​​​​បរិស្ថានធ្វើការ ប្រកបដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវវីរុសនេះ​។ វិធានការទាំងនោះរួមមានដូចជា៖ ការ​ស្ទង់​​​សីតុណ្ហភាពបុគ្គលិក 2ដងក្នុង 1ថ្ងៃ និងការស្ទង់សីតុណ្ហភាពអតិថិជន ដែលអញ្ជើញមកការិយាល័យ ឬសាខារបស់ Forte ផ្តល់ជូនទឹកអាល់កុលលាងដៃ​ដល់បុគ្គលិក និងអតិថិជន»។

លោក បានឱ្យដឹងថា យើងក៏បានធ្វើការសម្អាតដៃទ្វារ រៀង​រាល់​ 2​ម៉ោងម្តង បាញ់ទឹកកម្ចាត់មេរោគគ្រប់តុធ្វើការ និងបន្ទប់ប្រជុំ សម្អាត និងកម្ចាត់មេរោគទ្រង់ទ្រាយធំ នៅគ្រប់ការិយាល័យ និងសាខា រៀងរាល់ 2សប្តាហ៍ម្តង និងមានវេជ្ជបណ្ឌិតប្រចាំការនៅការិយាល័យ ដើម្បីពិនិត្យ​អ្នកដែលមាន​រោគសញ្ញាណាមួយ យើងត្រៀមរួចរាល់ក្នុងការផ្តល់សេវាកម្មជូនលោកអ្នក ក្នុងនាមជាជម្រើសដៃ​គូ ផ្តល់ការធានារ៉ាប់រងដល់លោកអ្នក Forteត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រលោកអ្នកក្នុងអំឡុងពេលប្រឈមនេះ»។

លោក ចំរើនឬទ្ធិ បានបញ្ជាក់ដែរថា៖ «លើសពីនេះ ក្រុមហ៊ុនForte ក៏បានលើកទឹកចិត្តឱ្យបុគ្គ​លិក ឈប់សម្រាកឆ្លាស់វេនគ្នា ពេលចូលមកធ្វើការត្រូវពាក់ម៉ាស់  ពេលអង្គុយធ្វើការ ត្រូវមានគម្លាតពីគ្នា លាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុលលាងដៃ ដើម្បីបង្ការការឆ្លងនៅការិយា​ល័យ ដែលអាចមានជាប់បាក់តេរី និងវីរុស ជាយថាហេតុ»។

សូមបញ្ជាក់ថា ក្រុមហ៊ុនForte ក៏បានផ្សព្វផ្សាយពីវិធីបង្ការកូវីដ-19 តាមខិត្ត​​ប័ណ្ណ និងចែកបណ្ណ​ផ្សាយ តាមទំព័រហ្វេសប៊ុកហ្វ័រតេ  ក្នុងការការពារការឆ្លងជំងឺកូវីដ-19 ផ្សេងទៀតជូនដល់បុគ្គលិក និងអតិថិជនទាំងអស់ ដើម្បីបញ្ជ្រាបការយល់ដឹង និងចូលរួមប្រយុទ្ធនឹងការចម្លងជំងឺដ៏កាចសាហាវនេះ។

បើទោះជាស្ថិតក្នុងស្ថានភាព ធុរកិច្ចមានសភាពមិនប្រក្រតីក៏ដសោយ ក៏ប្រតិបត្តិការធុរកិច្ច របស់ក្រុមហ៊ុនForte នៅតែបន្តដំណើរការ​ ទោះបីជាក្នុងពេលចូលឆ្នាំខ្មែរ 3ថ្ងែក្ដី ក៏ក្រុមហ៊ុនForte នៅគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល គ្រប់ការិយាល័យ និងសាខារបស់ហ្វ័រតេ នៅតែបើកទ្វារដូចធម្មតា។

បើទោះជាយើងមិនទាន់ដឹងថា ស្ថានភាព​ជំងឺរាតត្បាតជាសកលនេះ នឹងបញ្ចប់នៅពេលណាក៏ដោយ តែយើងបានដឹងច្បាស់ថា យើងទាំងអស់គ្នានឹងប្រឈមនឹងការលំបាកក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែបន្ទាប់ពីនេះ។ យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនេះ ។ យើងនៅទីនេះដើម្បប្រយុទ្ធ​​ប្រឆាំងនឹងបញ្ហានេះជាមួយលោកអ្នកក្នុងនាមជាដៃគូធានារ៉ាប់រងដ៏ល្អ។

លោក យក់ ចំរើនឬទ្ធិ ​អគ្គនាយក ហ្វ័រតេ បានមានប្រសាសន៍ថា៖ «​ក្នុងពេល​វេលា​ដ៏​លំបាក​នេះ តាងនាម​ថ្នាក់​គ្រប់គ្រង ​និង​បុគ្គលិក​​ទាំងអស់​របស់​ក្រុមហ៊ុនធានារ៉ាប់រងហ្វ័រតេ ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯក​ឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាព​គ្រប់ៗ​គ្នា​។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ-19 សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ និង​ក្រុមគ្រួសារ​ និង​រក្សាបាន​សុវត្ថិភាព​ខ្ពស់​ទាំងអស់គ្នា​!»​៕

Leave a Reply

Your email address will not be published. Required fields are marked *