Skip to content

វីង និង​ ស្មាយិ៍សប ចាប់ដៃគូរ​បង្កើតផ្សារអនឡាញនៅលើ​កម្មវិធីស្មាតហ្វូនវីង

ឥឡូវនេះអតិថិជនដែលប្រើកម្មវិធីស្មាតហ្វូនវីង អាចទិញទំនិញសម្រាប់បំពេញតំរូវការប្រចាំថ្ងៃរបស់ពួកគេនៅលើទូរស័ព្ទឆ្លាតវៃបានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិង ស្មាយិ៍សប ដែលជា ផ្សារអនឡាញឈានមុខគេដូច Amazon បានកំពុងចាប់ដៃគ្នា ដើម្បីធានាថារាល់អតិថិជននៅក្នុងប្រទេសកម្ពុជាអាចទិញផលិតផលផ្សេងៗបានដោយងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីងខណៈពេលដែលកំពុងនៅផ្ទះក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ១៩ ។​

តាមរយៈភាពជាដៃគូនេះអតិថិជនអាចធ្វើការបញ្ជាទិញទំនិញពីស្មាយិ៍សបនៅក្នុង​កម្មវិធីស្មាតហ្វូនវីងដោយគ្រាន់តែប្រើចុងម្រាមដៃចុចពីរទៅបីដងលើទូរស័ព្ទវៃឆ្លាតតែប៉ុណ្ណោះ។​ ទំនិញដែលទិញហើយនឹងត្រូវបានដឹកជញ្ជូនមកដល់មាត់ទ្វារដោយផ្ទាល់។​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាភាពជាដៃគូនេះ នឹងអាចឲ្យប្រជាជនកម្ពុជាទិញទំនិញតាមអនឡាញបានដោយងាយស្រួលតាមរយៈកម្មវិធីស្មានហ្វូនវីង។ភាពជាដៃគូនេះអនុញ្ញាតឱ្យអ្នករាល់គ្នាទិញទំនិញពីស្មាយិ៍សបដោយមិនមានការព្រួយបារម្ភអ្វីទាំងអស់​ជាមួយកម្មវិធីស្មានហ្វូនវីងប្រកបដោយភាពងាយស្រួល មានការធានា និងឆាប់រហ័ស​ដោយប្រើប្រាស់ប្រព័ន្ធការទូទាត់ប្រាក់របស់វីង។ អតិថិជនមិនចាំបាច់ទៅហាងដោយផ្ទាល់ និងប្រើក្រដាស់ប្រាក់ដើម្បីទិញទំនិញក្នុងអំឡុងពេលមានការរាតត្បាតនៃជម្ងឺនេះឡើយ »។

ស្មាយិ៍សបត្រូវបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាក្នុងខែតុលាឆ្នាំ២០១៨ ដោយយក​តាមលំនាំ ផ្សារអនឡាញរបស់ Amazon និង AliExpress។​ ត្រឹមតែ​២ឆ្នាំប៉ុណ្ណោះស្មាយិ៍សបបានក្លាយជាហាងលក់ទំនិញតាមអ​​នឡាញដែលមានលក់ផលិតផលគ្រប់ប្រភេទរាប់ចាប់ពី​គ្រឿងទេសគ្រឿងសំអាងរហូតដល់សៀវភៅ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងទៀត។​ ស្មាយិ៍សបចាប់ផ្តើមដំណើរការនៅក្នុង​កម្មវិធីស្មាតហ្វូនវីង នៅខែមីនាឆ្នាំ២០២០ ដើម្បី​ធ្វើឱ្យអតិថិជនវីងកាន់តែងាយស្រួលក្នុងការបញ្ជាទិញទំនិញដោយប្រើគណនីយរបស់វីង។​

ការទិញទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺងាយៗ​ ហើយមិនគិតតម្លៃបន្ថែមនោះឡើយ។ អតិថិជនទាំងអស់អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ហើយគ្រាន់តែចុចលើ“Online Shop” បន្ទាប់មកជ្រើសរើសពាក្យ “Smile Shop” នោះអតិថិជននឹងអាចស្វែងរកផលិតផលជាង១០០០មុខ ហើយអាចធ្វើការបញ្ជាទិញបានភ្លាមៗ។​ រាល់អតិថិជនដែលប្រើកម្មវិធីស្មានហ្វូនវីងអាចទទួលបានការផ្តល់ជូនពិសេសៗជាច្រើន​ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ការបញ្ជាទិញលើសពី២០​ដុល្លារប៉ុណ្ណោះ។​

លោក Jack Lee នាយកប្រតិបត្តិនៃស្មាយិ៍សប​បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយជាទីបំផុតដែលវីង និងស្មាយិ៍សប បានចាប់ដៃសហការនាពេលនេះ។ វាជាពេលវេលាដ៏សមស្របជាទីបំផុត ខណៈពេលដែលផ្សារអនឡាញ​​ និងមធ្យោបាយទូទាត់សាច់ប្រាក់តាមបែបឌីជីថលកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរយើងបានផ្តល់ជូនប្រជាជនកម្ពុជានូវជម្រើសកាន់តែច្រើនសម្រាប់ការបញ្ជាទិញទំនិញ»។​

វីង និងស្មាយិ៍សប​ មានចក្ខុវិស័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ វីង បានកសាងយីហោរបស់ខ្លួនក្លាយជាសេវាទូទាត់ប្រាក់យ៉ាងរហ័ស ងាយស្រួល និងមានការធានា តាមរយៈកម្មវីធីស្មាហ្វូនវីងដ៏ទំនើប និងបណ្តាញភ្នាក់ងារវីងរបស់ខ្លួនទូទាំងប្រទេស។​ ចំនែកឯ ស្មាយិ៍សប​ វិញត្រូវបានគេទទួលស្គាល់ជាអ្នកផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាពខ្ពស់ និងមានសេវាដឹកជញ្ជូនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនផ្នែកឌីជីថលទាំងពីរនេះនឹងរួមគ្នានាំមកនូវ​អនាគតនៃការធ្វើពាណិជ្ជកម្ម​អនឡាញមកប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *