កាលពីថ្ងៃព្រហស្បតិ៍ 10កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.2563 ត្រូវនឹងថ្ងៃទី2 ខែមេសា ឆ្នាំ2020 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅមនុស្សធម៌ នៅក្នុងពេលតែមួយ ដោយបរិច្ចាគថវិកាសរុបចំនួន 3,000លានរៀល (បីពាន់លានរៀល) សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និង មនុស្សធម៌ ដូចខាងក្រោម៖
1. ថវិកាចំនួន 800លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។
2. ថវិកាចំនួន 200លានរៀល (ពីររយលានរៀល) តាមរយៈសមាគមធនាគារនៅកម្ពុជា សម្រាប់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។
3. ថវិកាចំនួន 1.200លានរៀល (មួយពាន់ពីររយលានរៀល) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ វិភាគទានសប្បុរសធម៌នៅកម្ពុជា។
4. ថវិកាចំនួន 800លានរៀល (ប្រាំបីរយលានរៀល) ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌ និងជួយទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ពីព្រោះពួកគេជាកម្លាំងចលករនៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ប្រជាជនមានសុខភាពល្អ មានការចូលរួមកាន់សកម្ម ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ហេតុដូចនេះ ធនាគារចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈ និងការទប់ស្កាត់សភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺឆ្លងកូវីដ-19 និងបន្តការបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ដល់វិភាគទានសប្បុរសធម៌ មូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលធនាគារបានធ្វើឡើងជារៀងរាល់ឆ្នាំ៕
ប្រភព៖ ធនាគារ អេស៊ីលីដា