ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19 កំពុងរីករាលដាល។ ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងមានតម្រូវការផ្សេងៗ ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍គឺជាអាទិភាពមួយរបស់យើង។ ស្ថិតក្នុងស្ថានភាពដែល COVID-19 កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួលនិងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព។ ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃតាមរយ:កម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។
លោក ម៉ានូ រ៉ាចាន់បានបន្តថា៖ «យើងសង្ឃឹមថាការផ្តល់ជូននូវសេវាដោយឥតគិតថ្លៃនេះ នឹងជួយដល់អតិថិជនរបស់វីងរាប់លាននាក់ឱ្យអាចផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលកំពុងជួបបញ្ហាវិបត្តិបាន»។
ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះបានលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសាធារណជនទាំងឡាយឲ្យរួមគ្នាប្រើប្រាស់សេវាអេឡិចត្រូនិចសម្រាប់ធ្វើប្រតិបត្តិការផ្សេងៗ និងទូទាត់ការចំណាយ។
បើយោងតាមអង្គការសុខភាពពិភពលោក មានវិធីមួយចំនួនដែលជួយការពារខ្លួនពីការឆ្លងCOVID-19 ដូចជា៖ ការលាងដៃជាមួយសាប៊ូ ការខ្ទប់មាត់និងច្រមុះពេលដែលក្អក ឬកណ្តាស់ ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ ព្រមទាំងរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់មួយម៉ែតជាដើម។
លោក ម៉ានូ បានក្រើនរំលឹកទៅអ្នកទាំងអស់គ្នាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពដោយលើឡើងថា៖ «សូមអ្នកទាំងអស់គ្នាទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុតជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាឆ្លង COVID-19។ ការធ្វើបែបនេះ នឹងអាចជួយការពារអ្នក និងក្រុមគ្រួសាររបស់អ្នកពីការឆ្លង COVID-19បាន។»
កម្មវិធីស្មាតហ្វូនវីង អាចជួយអ្នកប្រើប្រាស់មិនឲ្យប៉ះសាច់ក្រដាស់ប្រាក់ដោយផ្ទាល់បាន។ ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច វាមិនទាមទារឲ្យមនុស្សម្នានៅក្បែរគ្នាឬ កាន់សាច់ប្រាក់ដោយផ្ទាល់ ដែលអាចប្រឈមនឹងការចម្លងវីរុសនោះឡើយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់សុខភាព កម្មវិធីស្មាតហ្វូនវីង អាចផ្តល់ជូននូវភាពងាយស្រួលដល់អថិជនដែលអាចទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយត្រឹមតែប្រើចុងម្រាមដៃចុចទូរស័ព្ទប៉ុណ្ណោះ។
គ្រាន់តែប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងលើទូរស័ព្ទដៃវៃឆ្លាត ប្រជាជននៅទូទាំងប្រទេសអាចទូទាត់ប្រាក់បានជាច្រើនយ៉ាង មិនថាជាការបង់ថ្លៃទឹកភ្លើង ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ការចំណាយផ្សេងៗរាប់ចាប់តាំងពីសេវាដឹកជញ្ជូន រហូតដល់ហាងលក់ទំនិញ។
ដោយមានអ្នកប្រើប្រាស់ជាង៥លាននាក់ វីងបានវិវត្តខ្លួនក្លាយជាស្លាកយីហោមួយដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តបំផុតក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច ដោយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បីផ្តល់ជូនភាពងាយស្រួលក្នុងការទិញទំនិញតាមអ៊ីនធឺណិត។
លោក ម៉ានូ បានមានប្រសាសន៍ថា៖ «វីងពិតជាមានមោទនភាពក្នុងការគាំទ្រតម្រូវការហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ មិនថាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងនឹងកាន់តែរឹងមាំនៅពេលដែលយើងរួមសហការគ្នាបានល្អ»។
សម្រាប់អតិថិជនដែលត្រូវការសាច់ប្រាក់ នៅតែអាចដកប្រាក់បានយ៉ាងងាយស្រួលតាមរយៈបណ្តាញភ្នាក់ងារវីងជាង ៧៥០០កន្លែង ទូទាំងប្រទេស បើទោះបីជានៅភូមិដាច់ស្រយាលយ៉ាងណាក្តី៕