យ៉ាងហោចណាស់មានក្រុមហ៊ុនមិនក្រោម 50 នោះឡើយ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំ2017 រយៈពេល2ថ្ងៃក្រោមការរៀបចំឡើងដោយក្រុមហ៊ុនអនុស្សានៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី22-23 ខែកក្កដា ឆ្នាំ2017 កន្លងទៅ ក្រោមការចូលរួមបើកកម្មវិធីពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ , ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិកា ក្រសួងពាណិជ្ជកម្ម , លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា , រួមជាមួយនឹងអ្នកតំណាងក្រុមហ៊ុនដៃគូសហការជាច្រើននាក់ទៀត។
ជាកិច្ចបើកកម្មវិធី លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍នេះគឺមានសារសំខាន់ និងមានប្រយោជន៍បំផុតសម្រាប់អ្នកដែលមានបំណង និងមានគម្រោងរៀបអាពាហ៍ពិពាហ៍ក្នុងពេលខាងមុខនេះ ដែលក្នុងនោះពួកគេអាចមានជម្រើសល្អៗក្នុងពិចារណាទៅលើការសម្រេចចិត្តយកភ្នាក់ងារបម្រើសេវាណាដែលខ្លួនយល់ថាមានភាពស័ក្ដិសមសម្រាប់កម្មវិធីរបស់ខ្លួន ហើយតែពិសេសជាងនេះទៅទៀត អាចមានជម្រើសច្រើនមិនមានភាពប្រថុយប្រថាន។
នៅក្នុងឱកាសនោះផងដែរ លោក សេង ពិសិដ្ឋ ក៏បានបញ្ជាក់ពីគោលបំណងនៃមហាព្រឹត្តិការណ៍នេះផងដែរថា កត្តាដែលជំរុញឱ្យមានការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីឱ្យអនាគតគូស្វាមីភរិយាថ្មី ដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍នាពេលដ៏ខ្លីខាងមុខនេះ ទទួលបាននូវគំនិតល្អៗស្តីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារៈ និងអ្នកផ្គត់ផ្គង់សេវាកម្មមង្គលការ ទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវរីយ៍ និងការដេគ័រផ្កានៅមុនក្លោងទ្វារជាដើម។ លោកបានបន្ថែមទៀតថា ៖ ពិព័រណ៍នេះនឹងក្លាយទៅជាទីកន្លែងមួយដែលបង្កភាពងាយស្រួល និងកាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបការទាំងអស់ឱ្យទទួលបានមង្គលការមួយដ៏អស្ចារ្យ ចំណេញទាំងថវិការ និងពេលវេលា ៕