ភ្នំពេញ ខែមីនា ២០២០-ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុង រស់នៅ ប្រកបការងារនិង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់និងទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19។
ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ គឺពិតជាចាំបាច់បំផុតដើម្បីទិញម៉ាស់និងទឹកលាងដៃសម្រាប់ចែកជូនដល់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ ជាពិសេសពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់លំបាកក្នុងការរកទិញម៉ាសនិងទឹលាងដៃ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងពីការរីករាលដាលមេរោគ Covid -19»។
នាពេលបច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់ហើយដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគCovid 19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាខណៈពេលនេះមានប្រជាជនកម្ពុជាជាង ៦០.០០០ នាក់ កំពុងរស់នៅធ្វើការនិងសិក្សារនៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ពីការឆ្លងមេរោគនេះឡើយ។
លោក ឆៃ ប៉េងស្រ៊ន់ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Myongji University ក្នុងប្រទេសកូរ៉បាននិយាយថា៖ «យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែល វីង មិនត្រឹមតែយកចិត្តទុកដាក់ចែករំលែកសុខទុក្ខដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ សូម្បីតែពួកយើងនៅដល់ប្រទេសកូរ៉េ ក៏វីងនៅតែជួយនិងចូលរួមវិភាគទានតាមរយៈស្ថានទូតផងដែរ» ។
បើយោងតាមសមាគមនិស្សិតកម្ពុជានៅកូរ៉េ(CSAK) មាននិស្សិតខ្មែរប្រមាណជាង៤៥០នាក់កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េខាងត្បូង។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ទៅកាន់ប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖«សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនអោយបានល្អ ហើយព្យាយាមរក្សារការទាក់ទងជាមួយក្រុមគ្រួសារអ្នកនៅកម្ពុជាជាប្រចាំ។ ខ្ញុំប្រាកដថាក្រុមគ្រួសាររបស់អ្នកកំពុងព្រួយបារម្ភអំពីអ្នកទាំងអស់គ្នាជាខ្លាំង។ អ្នកទាំងអស់គ្នាពិតជាមានតួនាទីយ៉ាងសំខាន់សំរាប់គ្រួសារណាស់»។
កាលពីឆ្នាំមុនប្រជាជនកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិជាង៥០០ លានដុល្លារតាមយៈការផ្ទេរប្រាក់ពីប្រទេសកូរ៉ខាងត្បូងមកប្រទេសកម្ពុជា។